បាត់ដំបងៈ រថយន្តជាច្រើនគ្រឿងបានបើកបរដណ្តើមគ្នាជែង ដល់ចំណុចផ្លូវកោង ជ្រុលចង្កូត ទៅបុកកន្ទុយគ្នា ធ្លាក់មនុស្សកិនស្លាប់ម្នាក់ និងរងរបួសម្នាក់ បណ្ដាលឲ្យកកស្ទះចរាចរណ៍រាប់ម៉ោងលើកំណាត់ផ្លូវជាតិ។
ហេតុការណ៍រថយន្ដបុកបន្ដកន្ទុយគ្នានេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង១០នាទីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច ផ្លូវកោង ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានគោយន្តកែច្នៃមួយគ្រឿង ដែលមានមុខរបរដឹកទឹកលក់នៅតាមភូមិ និងបើកបរដោយឈ្មោះ បួរ ក្រួច ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានបើកបរយឺតៗក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ត្រង់ចំណុចផ្លូវកោងស្រាប់តែមានរថយន្តមួយគ្រឿង ជាប្រភេទតួរីស VIP ដែលកំពុងបើកបរស្របទិសពីខាងក្រោយ បានឡើងជែងគោយន្តច្នៃ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក៏មានរថយន្តកាម៉ាស់ មួយគ្រឿងទៀត ដែលបើកមកពីខាងក្រោយក៏មានបំណងឡើងជែងបន្ថែមទៀត ទៅលើរថយន្តតួរីស ទើបជ្រុលទៅបុក គូទរថយន្តតួរីសយ៉ាងខ្លាំងធ្វើឲ្យរថយន្តតួរីសជ្រុលទៅបុកពីក្រោយគោយន្តច្នៃ យ៉ាងពេញទំហឹង ធ្វើឲ្យអ្នកបើកគោយន្តច្នៃធ្លាក់ចុះពីលើគោយន្តចំកណ្តាលថ្នល់ ពេលនោះកង់រថយន្តដែលទៅពីក្រោយកិនតែម្តង ធ្វើឲ្យអ្នកបើកបររូបនោះស្លាប់ នៅនឹងកន្លែងកើតហេតុ មិនត្រឹមតែប៉ុណ្ណោះទេ ម៉ូតូមួយគ្រឿងដែលកំពុងបើកបរមកពីមុខក្នុងទិសដៅច្រាសគ្នា បានខំប្រឹងគេចរហូតធ្លាក់ផ្លូវក៏ត្រូវគោយន្តច្នៃដែលកំពុងត្រូវបាន រថយន្តរុញពីក្រោយទៅបុកហើយកិនពីលើម៉ូតូនោះ និងធ្វើឲ្យអ្នកបើកបររងរបួសបន្តិចបន្តួចផងដែរ។
ក្រោយពេលកើតហេតុ និងមុនពេលដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះទៅដល់ គឺអ្នកបើកបររថយន្តកាម៉ាស់ បានរត់គេចខ្លួនបាត់ទៅហើយ ដោយសារតែ រថយន្តនេះគឺជាអ្នកបង្កហេតុ។
បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរទាំងអស់ត្រូវបានប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្តជាអ្នកដោះស្រាយ។ ចំណែកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់