ភ្នំពេញៈ រាជរដ្ឋភិបាលកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកក្កដានេះ បានបង្ហាញពីគោលជំហរសារជាថ្មីម្ដងទៀត លើបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង រវាងប្រទេសហ្វីលីពីន និងប្រទេសចិន បន្ទាប់ពីមានការពិភាក្សា ការវិភាគ និងការព្រួយបារម្ភ ដែលកើតមានឡើងក្នុងមជ្ឍដ្ឋាន និងពីសំណាក់ប្រទេសមួយចំនួន។ កម្ពុជា តាមរយៈក្រសួងការបរទេស បានអះអាងជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែមិនចូលរួមក្នុងការបញ្ចេញជំហររួមណាមួយ ចំពោះសាលដីការបស់តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ ដែលនឹងធ្វើការសម្រេចលើវិវាទរវាងប្រទេសទាំងពីរនោះឡើយ។
ការបញ្ជាក់ជំហរជាថ្មីរបស់កម្ពុជា នៅពេលនេះ គឺធ្វើឡើងនៅបន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលតុលាការមជ្ឈត្តិកម្មអចិន្ត្រៃទីក្រុងឡាអេ បានកំណត់យកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ជាថ្ងៃចេញសាលដីការបស់តុលាការ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រទេសហ្វីលីពីន ក្នុងជម្លោះជាមយយប្រទេសចិន លើបញ្ហាសមុទ្រចិនខាងត្បូង។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាមិត្តរបស់ភាគីជម្លោះទាំងសង្ខាង និងក្នុងគោលបំណងរក្សាសន្តិភាព សន្តិសុខ ស្ថេរភាព នៅសមុទ្រចិនខាងត្បូង ក៏ដូចជាដើម្បីរក្សាផលប្រយោជន៍ដ៏ធំធេងសម្រាប់តំបន់ទាំងមូល ដែលបានមកពីទំនាក់ទំនងសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រដ៏ល្អប្រសើររវាង Asean និងចិននោះ កម្ពុជា សូមអំពាវនាវដល់ប្រទេសហ្វីលីពីន និងប្រទេសចិន បន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី។
គួរជម្រាបថា ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសជាសាធារណៈនូវជំហររបស់កម្ពុជា ចំនួន២លើកមកហើយ គឺលើកទី១ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ និងម្ដងទៀត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា កម្ពុជា នឹងមិនភ្ជាប់ខ្លួនទៅនឹងដំណើរការខាងលើនេះឡើយ៕
មតិយោបល់