ព័ត៌មានជាតិ

បញ្ជូនខ្លួនអតីតលោកសង្ឃពាក់ព័ន្ធនិងគ្រឿងញៀនទៅតុលាការ

ស្ទឹងត្រែងៈ អតីតលោកសង្ឃម្នាក់ ដែលត្រូវបាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តធ្វើការឃាត់ខ្លួន និងចាប់ផ្សឹក ព្រមទាំងដកហូតបានថ្នាំញៀនជិត១គីឡូក្រាម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ក្នុងក្រុងស្ទឹងត្រែងនោះ នៅល្ងាចថ្ងៃទី០៩ នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងពន្ធនាគារខេត្តស្ទឹងត្រែងបណ្តោះអាសន្នដោយចោទពីបទជួញដូរគ្រឿងញៀន។

គួរបញ្ជាក់ថា អតីតលោកសង្ឃដែលសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនខាងលើនេះមានឈ្មោះ ម៉ៃ សំអឿន ហៅ សាយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាចៅអធិការវត្តកណ្តាល កម្រិតវប្បធម៌ អនុបណ្ឌិតមានស្រុកកំណើត នៅភូមិកំភុន ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅក្នុងវត្ត ខត្តិយារ៉ាម ហៅ វត្តកណ្តាល ស្ថិតក្នុងភូមិកណ្តាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកសង្ឃរូបនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងកុដិវត្តខត្តិយារាម ហៅ វត្តកណ្តាល ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ការឃាត់ខ្លួនលោកសង្ឃខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកស្នងការដ្ឋាននគរបាលខេត្ត និងធ្វើការផ្សឹក ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅមេតំហ្វេតូមីន ពណ៌សថ្លា(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំទម្ងន់៩៣៦.៧ ក្រាម (ជិត១គីឡូ)។

បច្ចុប្បន្នអតីតសង្ឃរូបនោះត្រូវបានតុលាការចេញសេចក្តីសម្រេចបញ្ជូនខ្លួនទៅពន្ធនាគារ ដើម្បីឃុំខ្លួនបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតបន្តទៀត៕

មតិយោបល់