ភ្នំពេញៈ តាមប្រភពព័ត៌មានបានប្រាប់មក Post News ឲ្យដឹងថា បើមិនមានការប្រែប្រួលទេ តាមគម្រោង សពលោក កែម ឡី នឹងត្រូវលើកដាក់ចូលទៅក្នុងមឈូសកញ្ចក់ នៅរសៀលថ្ងៃនេះហើយ។ ប្រភពដដែលនៅបានឲ្យ Post News ដឹងទៀតថា សពលោក កែម ឡី នឹងដាក់នៅក្នុងមឈូសកញ្ចក់ ក្រោមការរៀបចំរបស់អង្គការសង្គមស៊ីវិលមួយចំនួន និងពលរដ្ឋទូទៅផងដែរ។
នៅព្រឹកនេះ គេសង្កេតឃើញ ទីតាំងតម្កល់សព លោក កែម ឡី ត្រូវបានរៀបចំរួចរាល់ហើយ ជាមួយនឹងការតាក់តែងលម្អផ្កាផ្ញីនានាជាច្រើន។តាមការបញ្ជាក់ពី ព្រះសង្ឃ និងអាចារ្យវត្តដែលចាត់ចែងនោះបានអះអាងប្រាប់ Post News ថា សពលោក កែម ឡី បន្ទាប់ពីដាក់ក្នុងមឈូសហើយ នឹង ដង្ហែទៅដាក់នៅទីតាំងថ្មីនៅក្បែរនេះ នាពេលរសៀលនេះ។
តាមលោកតាអាចារ្យវត្តបាន បញ្ជាក់ថា សាកសពលោក កែម ឡី ត្រូវរក្សាតម្កល់ទុករយៈពេល១០ថ្ងៃ នៅក្នុងវត្តពោធិយ៉ារាម ហៅវត្តចាស់ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ខណៈដែលមានអង្កការសង្គមស៊ីវិលមួយចំនួន និងប្រជាពលរដ្ឋដែលគោរពស្រលាញ់លោក ចង់ឱ្យមានការតម្កល់សពលោក កែម ឡី រហូតដល់មួយឆ្នាំផងដែរ។ ប៉ុន្តែតាមការកំណត់នៃក្រុមសាច់ញាតិនៃសពគឺសពលោក កែម ឡី តម្កល់ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ។
នៅថ្ងៃទី១២កក្កដានេះ ពោលគឺតាំងពីព្រឹករហូតមកដល់ពេលនេះ គេសង្កេតឃើញមានមនុស្សក្មេងចាស់ ប្រុសស្រី យ៉ាងច្រើនកុះកររាប់ទាំង សិស្ស និស្សិត មន្ត្រីអង្គការសង្គមស៊ីវិល និងសហជីពជាដើម បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី ជាបន្តបន្ទាប់ ជាមួយនឹងការដង្ហែកម្រង់ផ្កាអមជាមួយរូបថត លោក កែម ឡី លាយឡំទឹកមុខសោកសង្រេងក្នុងភក្តីភាព នឹងជូនដំណើរលោកទៅកាន់ សុគតិភព។
គួរបញ្ជាក់ផងដែរថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតករដៃឆៅបាញ់ប្រហារយ៉ាងសាហាវនៅក្នុងស្តារម៉ាតកាលតិចបូកគោ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បណ្តាលឱ្យលោកស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។ ចំណែកឃាតករដៃឆៅ ក៏ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់បានភ្លាមៗផងដែរ៕
មតិយោបល់