ព័ត៌មានជាតិ

មីយ៉ាន់ម៉ារៀនសូត្រពីជោគជ័យ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ា

ភ្នំពេញៈ លោក យូ មីយិន ស៊ឺ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ដែលទើបតែងតាំងថ្មីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា មីយ៉ាន់ម៉ានឹងរៀនសូត្រពីជោគជ័យ នៃការរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ា និងកិច្ចប្រជុំអាស៊ាននាពេលកន្លងទៅ។

លោក កែវ ពិសិដ្ឋ នាយកខុទ្ទការល័យ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ឱ្យដឹងនៅក្រោយជំនួបសម្តែងការគួសមជាមួយ និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភានៅក្រោយជំនួបនោះថា មីយ៉ាន់ម៉ានិងកម្ពុជា ជាប្រទេសសមាជិកក្មេងខ្ចីជាងគេក្នុងក្របខ័ណ្ឌអាស៊ានក្នុងក្របខ័ណ្ឌអាយប៉ា។ ប៉ុន្តែ លោកបានសរសើរកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមហាសន្និបាតអាយប៉ា លើកទី៣៧ កន្លងមកប្រដោយជោគជ័យ។

លោកទូតបន្តថា ក្នុងឆ្នាំនេះ មីយ៉ាន់ម៉ានឹងរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៣៧ អាយប៉ា នៅក្នុងប្រធានបទមួយ គឺការជំរុញសហគមន៍អាស៊ាន ក៏ដូចជាធ្វើឱយមានតុល្យភាពនៅក្នុងសហគមន៍អាស៊ានទាំងមូល ហើយមីយ៉ាន់ម៉ា នឹងស្វែងយល់ពីបទពិសោធន៍របស់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកន្លងមកប្រកដោយជោគជ័យ។ ប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនងការទូតមកការផ្លាស់ប្តូរទស្សនកិច្ចនានារបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរបានធ្វើឡើងជាប្រចាំក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ថ្នាក់ដឹកនាំរដ្ឋសភាសហភាពមីយ៉ាន់ម៉ា បានមកចូលរួមមហាសន្និបាតអាយប៉ាលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយឆ្នាំកន្លងមកនេះ ក៏មានដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាមីយ៉ាន់ម៉ានៅកម្ពុជាផងដែរ។

លោកកោតសរសើសម្តេច គឺជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដែលបានអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាមានភាពរឹងមាំ និងមានភាពល្បីល្បាញ សម្រាប់ប្រជាជនកម្ពុជា។ ក្នុងនាមជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាលើគ្រប់វិស័យ។ ទំនាក់ទំនងការទូតកម្ពុជា-មីយ៉ាន់ម៉ាមានតាំងពីឆ្នាំ១៩៥៥មកម៉្លេះ ដូច្នេះមានសារៈសំខាន់ណាស់ បានលើកកម្ពស់ទំនាក់ទំនងនេះ កាន់តែមានភាពរឹងមាំថែមទៀត។

នាឱកាសនោះ សម្តេចប្រធានរដ្ឋ​សភាមានប្រសាសន៍ថា ប្រទេសកម្ពុជា-ម៉ីយ៉ាន់ម៉ា គឺជាសមាជិករបស់អាស៊ានមួយ ហើយបេសកម្មការទូតថ្មីរបស់លោក​ មានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីទទួលបានបផលប្រយោជន៍សម្រាប់ប្រជាជនទាំងសងខាង។

សម្តេចបន្តថា ទាំងវប្បធម៌ ប្រពៃណី គឺប្រហាក់ប្រហែលគ្នា ហើយប្រជាពលរដ្ឋប្រទេសទាំងពីរកាន់សាសនាព្រះពុទ្ធដូចគ្នា។ ដូច្នេះហើយប្រទេសទាំងពីរគួតែត្រូវបានបង្កើនកិច្ចសហប្រតិបត្តិឲ្យល្អប្រសើឡើងថែមទៀត ជាពិសេស ជំរុញឲ្យទំនាក់ទំនងលើវិស័យពាណិជ្មកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ ឲ្យមានលក្ខណៈ ខ្លាំងក្លាទ្វេដង។ សម្រាប់ស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ នៃប្រទេសទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍ទាំងសងខាង។ សម្តេចមានជំនឿជាក់ថា ក្នុងអាណាត្តិការទូតរបស់លោក​ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការណ៍ប្រទេសទាំងពីរមានការរីកចម្រើន៕

មតិយោបល់