ភ្នំពេញៈ តាមការគ្រោងទុក នៅថ្ងៃដង្ហែសពលោកបណ្ឌិត កែម ឡី ជាអ្នកវិភាគផ្នែកនយោបាយ និងសង្គមដ៏ល្បីនៅកម្ពុជា នឹងមានមនុស្សចូលរួមច្រើន ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកចូលរួមរំលែកទុក្ខ និងគោរពសពលោកមានការកើនឡើង។ នេះបើតាមការបញ្ជាក់ពីសាច់ញាតិនៃគ្រួសារសព។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ ការដង្ហែសព ឬពិធីបុណ្យរបស់លោក កែម ឡី នឹងមានការប្រែប្រួល ពោល គឺនៅថ្ងៃទី១៦ ក្រុមគ្រួសារសពនឹងជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន ហើយថ្ងៃទី១៨ មិនប្រាកដថា សពនឹងត្រូវបញ្ជុះ ឬបូជានោះទេ។ នេះជាការលើកឡើងរបស់ប្អូនប្រុសលោក កែម ឡី។
ប្អូនប្រុសលោក កែម ឡី លោក កែម រិទ្ធីសិទ្ធិ ប្រាប់ Post News នៅរសៀលថ្ងៃទី១២ ខែកក្កដានេះថា សពលោកបណ្ឌិត កែម ឡី នឹងត្រូវដង្ហែទៅកាន់ស្រុកកំណើត នៅក្នុងឃុំលីបូ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីធ្វើការបញ្ជុះតាមប្រពៃណីខ្មែរ។ លោក រិទ្ធីសិទ្ធិ បន្ថែម “មិនមានការបូជាសពបងប្រុសខ្ញុំទេ ហើយនៅថ្ងៃទី១៨នោះ មិនទាន់ប្រាកដថានឹងត្រូវដង្ហែសពនោះទេ ពោលថ្ងៃទី១៦ យើងនឹងជូនដំណឹងពេលក្រោយ ពីព្រោះមានការប្រែប្រួលខ្លះៗ…… តែបើនិយាយពីការធានាឲ្យទៅនៅក្រៅប្រទេសវិញ យើងមិនទាន់គិតទេ ពីព្រោះពេលនេះ យើងគិតរឿងបុណ្យសិន”។
ប្អូនប្រុសអ្នកវិភាគរូបនេះ បញ្ជាក់ថា នៅវេលាម៉ោង៤រសៀលនេះ សពលោក កែម ឡី ត្រូវបានលើកដាក់ក្នុងមឈូសកញ្ចក់។
នៅថ្ងៃទី១២ ខែកក្កដានេះ គេសង្កេតឃើញទីតាំងតម្កល់សពលោក កែម ឡី ត្រូវបានរៀបចំជាមួយនឹងការតាក់តែងលម្អផ្កាផ្ញីនានាជាច្រើន។ សាកសពលោក កែម ឡី ត្រូវរក្សាតម្កល់ទុករយៈពេល១០ថ្ងៃ នៅក្នុងវត្តពោធិយ៉ារាម ហៅវត្តចាស់ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ខណៈដែលគេឃើញមានមន្ត្រីរដ្ឋាភិបាល មន្ត្រីគណបក្សប្រឆាំង មន្ត្រីទូត អង្គការសង្គមស៊ីវិល ក្រុមតារាសិល្បៈ សហជីពកម្មករ និងប្រជាពលរដ្ឋដែលគោរពស្រលាញ់លោកយ៉ាងច្រើនកុះករ បានទៅគោរពវិញ្ញាណក្ខន្ធសព និងសម្ដែងការរំលែកទុក្ខជាមួយគ្រួសារសពផងដែរ។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករឈ្មោះ ជួប សម្លាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានទៅរស់នៅប្រកបមុខរបរធ្វើជាកម្មករចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃនោះ បានបាញ់សម្លាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្រៅពីការងារជាអ្នកវិភាគឯករាជ្យផ្នែកនយោបាយ និងសង្គមដ៏ល្បី ដែលហ៊ានរិះគន់រដ្ឋាភិបាលត្រង់ៗ លោក កែម ឡី មានអាយុ៤៦ឆ្នាំ ក៏ជាប្រធានអង្គការអភិវឌ្ឍន៍សង្គមផងដែរ។ លោកមានប្រពន្ធ និងកូនប្រុស៤នាក់ ក្នុងបន្ទុក និងម្នាក់ ៥ខែក្នុងពោះ៕
មតិយោបល់