ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជួប សម្លាប់ ត្រូវតុលាការបញ្ចប់ការសាកសួរល្ងាចនេះ

ភ្នំពេញៈ ជនសង្ស័យឈ្មោះ ជួប សម្លាប់ ដែលជាជនដៃដល់បាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានដឹកចេញពីសាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោងប្រមាណជា៤៖៤៥នាទី រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ប៉ុន្តែចំពោះសេចក្តីសម្រេចថា ចោទប្រកាន់លើជនសង្ស័យយ៉ាងណានោះ នៅមិនទាន់មានមន្ត្រីសាលាដំបូងណាម្នាក់ អាចបំភ្លឺបាននៅឡើយទេ។

មកដល់ពេលនេះ លោក លី សុផាណា តំណាងអយ្យការ និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្នុងក្រុមបណ្ដាញសង្គម Telegram នៅវេលាម៉ោង៥ល្ងាចនេះ ឲ្យដឹងថា អយ្យការបានសម្រេចរក្សាទុកជនល្មើសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីនៅថ្ងៃស្អែក បន្ទាប់ពីការសួរចម្លើយពេញមួយថ្ងៃ។ ការសួរចម្លើយនេះ បានផ្តល់ប្រយោជន៍ និងតម្រុយជាច្រើន សម្រាប់ការស៊ើបអង្កេត និងការចោទប្រកាន់នៅក្នុងរឿងក្តីនេះ។

លោក លី សុផាន់ណា បញ្ជាក់ថា “យើងកំពុងពិនិត្យលើឯកសារចម្លើយ ឯកសារនានា និងភស្តុតាងផ្សេងទៀតនៅក្នុងរឿងនេះ ដែលឈានទៅដល់ការសម្រេចចោទប្រកាន់នៅថ្ងៃស្អែក យើងខ្ញុំនឹងជូនព័ត៌មានបន្តទៀតនៅថ្ងៃស្អែក និងសូមមេត្តាទុកពេលឲ្យយើងខ្ញុំធ្វើការពិនិត្យ និងសម្រេចនៅក្នុងរឿងក្តីនេះ”

ជនសង្ស័យឈ្មោះ ជួប សម្លាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានជនសង្ស័យបាញ់សម្លាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

https://youtu.be/GDB3kpQDXtA

មតិយោបល់