ស្ទឹងត្រែងៈ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង សហការជាមួយនិងកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមនិងម្ចាស់ផ្ទះជួល ចុះត្រួតពិនិត្យនិងឆែកឆេរផ្ទះមួយកន្លែង ដែលត្រូវបានគេរាយការណ៍មកថាស្តុបឈើខុសច្បាប់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបនិងឆែកឆេរផ្ទះជួលខាងលើ កម្លាំងជំនាញទទួលបានសេចក្តីរាយការណ៍មកថា ទីតាំងខាងលើនេះមានស្តុកនូវឈើខុសច្បាប់ ទើបក្រោយពីទទួលបានសេចក្តីរាយការណ៍នេះរួចមក កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង សហការជាមួយនិងកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមនិងមានការសហការជាមួយម្ចាស់ផ្ទះជួលដែលមានឈ្មោះអែល ទីរៀម និងលោក ចាន់ ពិសិដ្ឋ ពីរនាក់ប្រពន្ធ ចុះមកធ្វើការចាក់សោរបន្ទប់ជួលខាងលើនេះ ជាក់ស្តែងក៏ប្រទះឃើញឈើជាច្រើន ត្រូវបានគេដឹកយកមកលាក់ទុកនៅក្នុងបន្ទប់ជួលចំនួន២ ដោយដាក់មួយបន្ទប់ហើយមិនអស់ ក៏បន្តដាក់នៅក្នុងបន្ទប់ជួលមួយទៀត ។
បើយោងតាមប្រភពព័ត៌មានពីលោកស្រីឈ្មោះ អែល ទីរៀម មុខរបរអ្នកយកពស៊ីនៅក្នុងផ្សារស្ទឹងត្រែង និងលោក ចាន់ ពិសិដ្ឋ ទាំង២នាក់ប្តីប្រពន្ធជាម្ចាស់ផ្ទះជួលខាងលើ បានឲ្យដឹងថា គាត់បានជួលបន្ទប់ទៅឲ្យជនជាតិវៀតណាមម្នាក់ ប៉ុន្តែដោយសារតែគាត់រវល់នៅឯផ្សារចេញពីផ្ទះបាត់ៗ ទើបមិនដឹងថា អ្នកជួលបន្ទប់ខាងលើនេះបានយកឈើមកស្តុកទុកខុសច្បាប់បែបនេះ។
ហើយបច្ចុប្បន្ន ចំពោះចំនួនឈើយើងនៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយនោះទេ ព្រោះសមត្ថកិច្ចកំពុងតែបន្តការងារ ហើយព័ត៌មានលម្អិតយ៉ាងណានោះ Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់