ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងយុត្តិធម៌ ជំរុញឲ្យអ្នកកាសែតសរសេរព័ត៌មានពាក់ព័ន្ធច្បាប់ព្រហ្មទណ្ឌឲ្យត្រឹមត្រូវតាមនីតិវិធីច្បាប់

ភ្នំពេញៈ បន្ទាប់ពីមើលឃើញនូវភាពចន្លោះប្រហោងរបស់អ្នកកាសែតមួយចំនួន ដែលបានសរសេរអត្ថបទព័ត៌មាន ពាក់ព័ន្ធនឹងច្បាប់ព្រហ្មទណ្ឌ មិនបានស៊ីជម្រៅ ត្រឹមត្រូវតាមនីតិវិធី បើទោះជាអ្នកកាសែតបានទទួលការបណ្ដុះបណ្ដាលក្ដី ប៉ុន្តែក្រសួងយុត្តិធម៌ នៅតែយល់ថា អត្ថបទព័ត៌មានទាំងនោះ នៅតែមានភាពចន្លោះប្រហោង ខ្វះខាត មិនត្រឹមត្រូវទាំងស្រុងតាមនីតិវិធីផ្លូវច្បាប់។ ករណីនេះ ក្រសួងបានធ្វើការជំរុញឲ្យអ្នកយកព័ត៌មានត្រូវសិក្សាស្វែងយល់បន្ថែមពីច្បាប់ព្រហ្មទណ្ឌ ដែលមានក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឲ្យរាល់អត្ថបទដែលចុះផ្សាយពាក់ព័ន្ធផ្លូវច្បាប់ មិនបង្កភាពយល់ច្រឡំដល់សាធារណជន។

នៅក្នុងវគ្គស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដល់អ្នកសារព័ត៌មាន នៅក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យ Post New ដឹងថា កន្លងមក អ្នកយកព័ត៌មានបានស្វែងយល់ច្រើនហើយពាក់ព័ន្ធច្បាប់ព្រហ្មទណ្ឌ ដែលមានក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីទ្រហ្មទណ្ឌ ក៏ប៉ុន្តែនៅមានចំណុចខ្វះខាតមួយចំនួន ដែលក្រសួងយុត្តិធម៌ មើលឃើញថា គួរតែផ្ដល់ការស្វែងយល់បន្ថែម ជាពិសេសពាក់ព័ន្ធនឹងនីតិវិធីមួយចំនួន ដែលមានភាពស៊ីជម្រៅ ហើយទាមទារឲ្យមានការពន្យល់ឲ្យបានច្បាស់លាស់ ទើបអ្នកសារព័ត៌មានអាចយកទៅសរសេរពាក់ព័ន្ធនឹងនីតិវិធីនោះ បានត្រឹមត្រូវ។ លោកបន្ថែមថា ក្រសួងយុត្តិធម៌ ចង់បាននូវកិច្ចសហការរវាងក្រសួងយុត្តិធម៌ ជាមួយអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការសរសេរអត្ថបទច្បាប់នានា ជុំវិញរឿងរ៉ាវទាក់ទងនឹងនីតិវិធីតុលាការ ឲ្យមានភាពច្បាស់លាស់ ពិតប្រាកដ ជៀសវាងកើតនូវការយល់ច្រឡំដល់សាធារណជន ដោយសារការចុះផ្សាយខុសពីនីតិវិធីដែលបានកំណត់តាមផ្លូវច្បាប់។

អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា ការទទួលបានព័ត៌មានតែម្ខាង មិនច្បាស់លាស់ ហើយយកទៅសរសេរចុះផ្សាយនោះ ក៏បានបង្កើតការយល់ច្រឡំខ្លាំងដល់សាធារណជន ដោយមិនបានផ្ដល់ប្រយោជន៍ដល់សង្គម និងខុសពីនីតិវិធីផងដែរ។ លោកថា “ចឹងអ្វីដែលយើងមើលឃើញកន្លងមកនេះ គឺភាគច្រើន គឺព័ត៌មានបានតែមួយចំហៀង ដោយឡែកមួយចំហៀងទៀត ហាក់បីដូចមិនទាន់ទទួលបាននូវព័ត៌មានមួយចំហៀងទៀត ដូច្នេះហើយបានជាក្រសួងយុត្តិធម៌ បានបង្កើតអ្នកនាំពាក្យនៅតាមសាលាជម្រះក្ដី នៅតាមស្ថាប័នអយ្យការ តាមសាលាដំបូងរាជធានីខេត្ត ដើម្បីផ្ដល់ព័ត៌មានណាមួយ ដែលអាចផ្ដល់ជូនបានដល់អ្នកសារព័ត៌មាន ដើម្បីឲ្យព័ត៌មានរបស់អ្នកសារព័ត៌មានចេញមក គឺថាមានតុល្យភាពភាគីទាំងសង្ខាងនៃរឿងក្ដី ចឹងអាចឲ្យអ្នកអានថ្លឹងថ្លែងបាន ហាក់បីដូចផ្ដល់ភាពស្រពិចស្រពិលដល់សាធារណៈមតិក្នុងការអានអត្ថបទព័ត៌មាននោះ”។

ពាក់ព័ន្ធករណីនេះ លោក ប៉ែន ប៊ុនណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ឲ្យដឹងថា អ្នកយកព័ត៌មានត្រូវយល់ច្បាស់អំពីច្បាប់ ជាពិសេស គឺក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលកក្តានេះ អាចធ្វើឲ្យអ្នកសារព័ត៌មានអាចប្រើប្រាស់ពាក្យពេចន៍បានត្រឹមត្រូវ (ជនល្មើស ជនសង្ស័យ ជនត្រូវចោទ ឬជនជាប់ចោទជាដើម) និងមិនបានបង្កើតភាពយល់ច្រឡំដល់អ្នកអាន។ លោកបន្តថា អ្នកសារព័ត៌មានមានឱកាសបានទទួលចំណេះដឹង និងអាចសួរអ្នកជំនាញអំពីចម្ងល់ផ្នែកច្បាប់ រួមទាំងរឿងរ៉ាវមួយចំនួនទៀត ដែលខ្លួននៅមិនទាន់យល់ច្បាប់ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់។

លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ដោយសារកត្តាខាងលើនេះហើយ ទើបក្រសួងរៀបចំវគ្គស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីផ្តល់ចំណេះដឹងផ្នែកច្បាប់មួយចំនួនជូនដល់អ្នកសារព័ត៌មានក្នុងការយកទៅធ្វើជាធាតុនៃការកាត់តែងអត្ថបទពាក់ព័ន្ធនឹងផ្លូវច្បាប់ ដើម្បីផ្សព្វផ្សាយជូនសាធារណៈជនជ្រាប ប្រកបដោយភាពត្រឹមត្រូវ និងការទទួលខុសត្រូវ ទាំងផ្នែកក្រមសីលធម៌ និងផ្លូវច្បាប់។ លោករដ្ឋមន្ត្រីបន្តថា កម្មវិធីនេះ ក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយច្បាប់ទៅកាន់សាធារណៈជនផងដែរ ដែលការងារផ្សព្វផ្សាយច្បាប់នេះ ជាការងារស្នូលមួយផងដែររបស់ក្រសួងយុត្តិធម៌ ក្នុងចូលរួមពង្រឹកនីតិរដ្ឋនៅកម្ពុជា៕

មតិយោបល់