ភ្នំពេញៈ នៅបាំងតែបីថ្ងៃទៀតប៉ុណ្ណោះ សពលោកបណ្ឌិត កែម ឡី នឹងត្រូវឃ្លាតឆ្ងាយពីអ្នកគាំទ្រ គោរពស្រឡាញ់នៅភ្នំពេញហើយ ពោល គឺសពរបស់លោកនឹងត្រូវដង្ហែតាមយាន្តជំនិះទៅកាន់ស្រុកកំណើត ដើម្បីធ្វើការបញ្ចុះតាមប្រពៃណីខ្មែរ។
ថ្លែងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Post News នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ប្អូនប្រុសលោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធីសិទ្ធិ ប្រាប់ថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៧ព្រឹក សពបងប្រុសរបស់លោក នឹងត្រូវដង្ហែទៅបញ្ចុះទៅក្នុងភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានចម្ងាយជាង៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ “គ្មានការបញ្ចុះនៅភ្នំពេញ ទេ លើកមុនយើងធ្លាប់គិតមែន ប្រសិនបើមានលុយ តែពេលនេះយើងមិនមានលុយ ទើបយើងសម្រេចចិត្តដង្ហែទៅស្រុកភូមិកំណើត”។ លោក កែម រិទ្ធីសិទ្ធិ បញ្ជាក់។
ប្អូនប្រុសលោក កែម ឡី ដដែលបញ្ជាក់ទៀតថា “យើងអាចហែដោយថ្មើរជើង ពីទីកន្លែងតម្កល់សពទៅហួសពោធិ៍ចិនតុងបន្តិច បន្ទាប់មកយើងនឹងជិះរថយន្ត ឬម៉ូតូទៅស្រុកភូមិកំណើតតែម្ដង”។
ការឆ្លើយតបជាផ្លូវការរវាងប្អូនប្រុសលោក កែម ឡី ជាមួយ Post News នេះ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយថា សពលោក កែម ឡី នឹងត្រូវបញ្ជុះនៅភ្នំពេញ រីឯសារព័ត៌ខ្លះវិញ បានផ្សាយថា នឹងត្រូវបូជា។
បើគិតចាប់ពីថ្ងៃឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគផ្នែកនយោបាយ និងការអភិវឌ្ឍន៍សង្គមនៅកម្ពុជា មកដល់ថ្ងៃទី១៧ ខែកក្កដា គឺមានរយៈពេលមួយសប្ដាហ៍ពេញ ដែលសពអ្នកវិភាគដ៏ល្បីឈ្មោះរូបនេះ ត្រូវបានតម្កល់ទុកនៅវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងកំឡុងពេលតម្កល់ទុកនោះ គេសង្កេតឃើញទីតាំងតម្កល់សពលោក កែម ឡី ត្រូវបានរៀបចំជាមួយនឹងការតាក់តែងលម្អផ្កាផ្ញីនានាជាច្រើន ហើយក្នុងនោះ គេឃើញមានទាំងវត្តមានរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីគណបក្សប្រឆាំង មន្ត្រីទូត អង្គការសង្គមស៊ីវិល ក្រុមតារាសិល្បៈ សហជីពកម្មករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានទៅគោរពវិញ្ញាណក្ខន្ធសព និងសម្ដែងការរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕
មតិយោបល់