ព័ត៌មានជាតិ

អធិការក្រុងប៉ោយប៉ែតថ្មីចាប់ផ្តើមបញ្ចេញសាច់ដុំបង្ក្រាបល្បែងហ្គេមនិងល្បែងដទៃទៀត បន្សល់ពីអធិការមុនៗ

បន្ទាយមានជ័យៈ ល្បែងហ្គេមដុះស្លែបង្វក់ក្មេង ដែលអធិការ២ជំនាន់មិនដែលបង្ក្រាប និងល្បែងដទៃទៀត ត្រូវបានអធិការនគរបាលក្រុងប៉ោយប៉ែតថ្មី ធ្វើការបង្ក្រាប និងសន្យាថា នឹងបង្រ្កាបជាបន្តបន្ទាប់នៅល្បែងស៊ីសងទាំងដទៃទៀតដែលមាននៅក្នុងក្រុងប៉ោយប៉ែត។

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតថ្មីបានឲ្យដឹងក្នុងពេលចុះបង្ក្រាបល្បែងហ្គេម ដែលអាចបើកដំណើរការបានយ៉ាងរលូនក្នុងអាណត្តអធិការមុនៗ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវដើមពទ្រា ក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់អប់រំណែនាំក្មេងដែលចូលលេងចំនួន២៤នាក់ ក្នុងនោះបានដកហូតនូវសម្ភារហ្គេមដូចជា កុំព្យូទ័រជាង២០គ្រឿង។ ជាមួយនឹងប្រតិបត្តិការណ៍បង្ក្រាបហ្គេមខាងលើនេះ សមត្ថកិច្ចពុំបានឃាត់ខ្លួនអ្នកទទួលខុសត្រូវអ្នកបើកល្បែងហ្គេមនេះនៅឡើយទេ ព្រោះថា ពេលបង្ក្រាបឃើញមានតែក្មេងអាយុប្រមាណជា៤ឆ្នាំម្នាក់ប៉ុណ្ណោះ។

ឆ្លើយបតនិងការចោទសួររបស់អ្នកសារព័ត៌មាន លើល្បែងស៊ីសងដទៃទៀតដូចជាល្បែងអនឡាញ បៀ អាប៉ោង ដែលកំពុងកើតមាន នៅក្នុងក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត ដែលជាអធិការនគរបាលក្រុងប៉ោយប៉ែត ទើបតែចូលកាន់តំណែងមិនបាន១ខែផង បានឆ្លើយថា បទល្មើសដែលនៅសល់ពីអធិការចាស់ លោកនឹងបង្ក្រាបឲ្យអស់ដោយធ្វើឡើងជាបន្តបន្ទាប់ឲ្យខានតែបាន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការចាត់តាំង ក៏ដូចជាផែនការណ៍បង្ក្រាបបទល្មើស របស់លោកឧត្តបសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត។

ជាមួយនិងការបង្ក្រាបល្បែងហ្គេមខាងលើ ពលរដ្ឋក្រុងប៉ោយប៉ែត បានសាទរ និងសង្ឃឹមថា លោកអធិការវ័យក្មេង តូចល្អិតរូបនេះ នឹងធ្វើឲ្យភូមិឃុំមានសុវត្ថិភាព៕

មតិយោបល់