(ភ្នំពេញ)៖ បើទោះបីមានផល់ប៉ះពាល់ពីអាសធាតុក្ដៅក៍ដោយ ក៏ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលអញ្ជើញ ចូលរួមទស្សនា និងកំសាន្ត នៅថ្ងៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ខេត្ដសៀមរាបនៅឆ្នាំ២០១៦នេះ មានចំនួន១លាន ៣សែននាក់ កើនឡើង ប្រមាណជា ៣០ភាគរយ បើធៀបកាលពីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៥កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យ
លោក សោម រតនា អ្នកនាំពាក្យព្រឹត្ដិការណ៍អង្គរសង្ក្រាន្ត បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី១៧មេសា ឲ្យដឹងថា នៅក្នុង ថ្ងៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៦នៅខេត្តសៀមរាប ក្នុងឨកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ មានភ្ញៀវទេសចរណ៍ ទាំងជាតិនិងអន្តរជាតិ ចូលទៅទស្សនាកំសាន្ត មានការកើនឡើង ប្រមាណជា ៣០ភាគរយ។ លោកបន្ថែមថាកាកើនឡើងនេះ ដោយសារកម្មវិធីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ មានការទទួលស្គាល់ពីសាធារណៈជនក៍ដូចប្រជាពលរដ្ឋគ្រប់រូប គួបផ្សំ និងព្រឹត្ដិការណ៍នេះមានល្បែងកំសាន្ដច្រើន ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ ទាំងខ្មែរនិងបរទេសចាប់អារម្មណ៍។
លោកបានបន្ថែមថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនេះ ផ្ដល់ចំណូលសេដ្ឋកិច្ចដល់ពលរដ្ឋនៅក្នុងខេត្ដសៀមរាប លើសពី៦០លានដុល្លាដែលលោកថា ចាប់ពីការធ្វើអាជីវកម្មខ្នាតតូចដល់ខ្នាតធំ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីការចំណាយ សម្រាប់រៀបចំកម្មវិធីអង្គរសង្ក្រាន្តនោះទេ។ អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ឲ្យដឹងថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំ២០១៥ មានភ្ញៀវទេសចរណ៍ចំនួន៩៧៨ ១០០នាក់ ប៉ុន្ដែ ដែលកើនឡើងជាងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំ២០១៤ ដែលលោកថានៅឆ្នាំនោះមានភ្ញៀវសរុប២៥៨ ០០០នាក់។
សូមជម្រាបថា នេះជាលើកទី៤ហើយ ដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានប្រារព្ធធ្វើនៅលើទឹកអង្គរ ខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ កាលពីឆ្នាំ២០១៥ ព្រឹត្តិការណ៍នេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១លាននាក់ ដែលចំនួននេះកើនលើសពីឆ្នាំ២០១៤ និងទទួលបានចំណូលប្រមាណជិត ៧០លានដុល្លារអាមេរិក។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរទទួលស្គាល់ដែលមានការរៀបចំព្រឹត្ដការណ៍អង្គរសង្ក្រាន្ដនេះឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ដនៅតំបន់វប្បធម៌ ប្រវត្ដិសាស្ដ្រអង្គរ ប៉ុន្ដែលោកថា បរិស្ថាន និងការរៀបចំសណ្ដាប់ធ្នាប់នៅកម្មវិធីនេះ នៅមានខ្វះចន្លោះ ដោយលោកថា អាជ្ញាធរខ្វះការណែនាំដល់ពលរដ្ឋក្នុងការទុកដាក់កាកសំណល់ និងតំបន់ខ្លះតម្រូវឲ្យភ្ញៀវទេសចរណ៍ធ្វើដំណើរថ្មើរជើងមានចំង្ងាយផ្លូវឆ្ងាយ ខណៈអាកាសធាតុក្ដៅខ្លាំង ដែលលោកថា ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍មួយចំនួន មានវ័យចំណាស់ផងដែរ។
អង្គរសង្ក្រាន្តត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឡើងតាំងពីឆ្នាំ២០១៣ មក ហើយគេចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ព្រឹត្តការណ៍នេះ មានការរៀបចំប្លែកៗជារៀលរាល់ឆ្នាំ ដែលធ្វើឲ្យភ្ញៀវទេសចរនៅតែបន្តចូលរួមមិនស្រាកស្រាន្ត។ ជាក់ស្តែង ទោះបីជាអាកាសធាតុឆ្នាំនេះ ហាក់មានសភាពក្តៅខ្លាំងក៏ពិតមែន ប៉ុន្តែមិនមែនជាឧបសគ្គដល់ព្រឹត្តិការណ៍នេះឡើយ ពោលគឺអង្គរសង្ក្រាន្តឆ្នាំនេះ បានទាក់ទាញអ្នកចូលរួមប្រមាណ ១លាន ៣សែននាក់។
លោកសោម រតនា អ្នកនាំពាក្យ និងជាប្រធានក្រុមទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បញ្ជាក់ថា លោក ហ៊ុន ម៉ានី ប្រធានសហភាព សហពន្ធ័ យុវជនកម្ពុជា នឹងព្យាយាមរៀបចំព្រឹត្តិការណ៍នេះជាថ្មីនៅឆ្នាំបន្តបន្ទាប់ទៀត៕
មតិយោបល់