ព័ត៌មានជាតិ

រាលកៃកាំភ្លើងកែច្នៃមួយគ្រាប់ របួសធ្ងន់ម្នាក់

រតនគិរីៈ អ្នកប្រមាញ់២នាក់ បានបបួលគ្នាទៅបរបាញ់សត្វព្រៃ ដោយប្រើប្រាស់កាំភ្លើងកែច្នៃ និងគោមឆ្លុះ ជិះម៉ូតូឌុបគ្នាជាមធ្យោបាយធ្វើដំណើរផ្លូវឆ្ងាយ ខណៈដែលដើរឆ្លុះពុំប្រទះឃើញសត្វព្រៃ ពួកគេទាំង២នាក់ បម្រុងត្រឡប់មកលំនៅឋានវិញ ក៏ចងកាំភ្លើងជាប់និងម៉ូតូខ្វះការប្រុងប្រយ័ត្នចៃដន្យរាលកៃកាំភ្លើងផ្ទុះ១គ្រាប់ ត្រូវចំភ្លៅខាងស្តាំឆ្លាយទៅកំប៉េះគូទខាងក្រោយគ្នាឯង ដួលប្រកាច់ប្រកិននៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍ភ្ងាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងព្រៃរបោះជាប់ក្រុមហ៊ុនម៉ាយ៉ាងខេ ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ។

តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ខាំ ប៉ុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រងរបួសធ្ងន់) រីឯម្នាក់ទៀតឈ្មោះ ម៉ង ឡង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអ្នកទាំងពីរ មានទីលំនៅភូមិភ្នំកុក ឃុំបានហ្វាំង ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋានជំនាញបានចុះទៅដល់កន្លែងកើតហេតុដឹកបញ្ជូនជនរងគ្រោះមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកជនបង្កបានឃាត់ខ្លួនមកសួរនាំនៅអធិការនគបាលស្រុកវ៉ើនសៃ ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់