(កោះកុង )៖ នគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើសព្រហ្មទណ្ឌកំរិតស្រាល ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០១៦ បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់តុលាការ ក្នុងករណីប្រើអំពើហិង្សាដោយ ចេតនា ទៅលើឪពុកក្មេករបស់ខ្លួន ។
នគរបាល បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប៉ូង ព អាយុ ២៥ ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបញ្ជូនទៅកាន់តុលាការហើយ ក្រោយពីវាយទៅលើឪពុកក្មេករបស់ខ្លួន ឈ្មោះ លាង ឡាង ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរធ្វើចំការ។
នគរបាល បន្ដថា មូលហេតុ ដែលឈានទៅដល់ការប្រើហិង្សានេះ គឺដោយសារ ជនសង្ស័យខឹងឪពុកក្មេកពូកែស្តីបន្ទោសឲ្យពេក ទើបជនសង្ស័យខឹង ហើយបានយកដំបងមកវាយជនរងគ្រោះមួយដំបូងស្រឡប់ភ្លឹងនៅនឹងកន្លែងតែម្តង ។ ក្រោយកើតហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យភ្លាមៗយកទៅអធិការដ្ឋានស្រុកបុទុមសាគរ ដើម្បីធ្វើការសាកសួរ តែទោះជាយ៉ាងណាក្តីជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យកណ្តាលប្រឆាំងបទល្មើសព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង កសាងសុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕
មតិយោបល់