ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់បាននារីឃាតកសម្លាប់មិត្តស្រីនៅរមណីយដ្ឋានទន្លេបាទីហើយ

ភ្នំពេញៈ សេចក្តីរាយការណ៍នៅមុននេះបន្តិចបានឲ្យដឹងថា សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកបាទី ដឹកដោយលោក ងាន់ សារី អធិការនគរបាលស្រុក សហការណ៍ជាមួយកម្លាំងនគរបាលខេត្តកំពត បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននារីជាឃាតក ដែលសម្លាប់មិត្តស្រីរបស់ខ្លួននៅរមណីដ្ឋានទន្លេបាទី ស្រុកបាទី ខេត្តតាកែវហើយ។

អធិការនគរបាលស្រុកទន្លេបាទីលោក ងាន់ សារី បានឲ្យដឹងថា នារីជាឃាតកដែលឃាត់ខ្លួនបាននេះមានឈ្មោះ សាត មករា (ហៅស្រីនី) អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌចាប់ខ្លួនបាននៅចំណុចផ្សារតានី ភូមិត្រពាំងចក ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។

ខណៈនេះនារីជាឃាតក ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋានស្រុកបាទី ខេត្តតាកែវ។

គួររំឭកផងដែរថា នារីរងគ្រោះដែលត្រូវមិត្តភក្តិស្រីអារកសម្លាប់ទម្លាក់ទឹកនៅរមណីយដ្ឋានបាទីនោះ នៅវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី២០ កក្កដា នោះត្រូវបានគេស្គាល់អត្តសញ្ញាណ មានឈ្មោះ សុជាតិ អាយុ២២ឆ្នាំ រស់នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូ ដោយមានប្រឡាក់ឈាមនៅលើអាវ បានជិះចូលទៅក្នុងផ្សារដើមអំពិល ស្រុកកណ្តាលស្ទឹង ក្នុងបំណងទិញអាវដោះដូរ ដែលប្រឡាក់ឈាមនោះចេញ បន្ទាប់មកស្ត្រីនោះក៏ជិះម៉ូតូចេញទៅបាត់ស្រមោលតែម្តង។

ខណៈនេះ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានទៅទទួលយកសព ដើម្បីយកមកធ្វើបុណ្យនៅគេហដ្ឋានជនរងគ្រោះក្នុងភូមិព្រែកសំរោង ក្រុងតាខ្មៅតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា មុនពេលកើតគេឃើញ វេលាម៉ោងប្រមាណ៧ព្រឹក គេឃើញនារីវ័យក្មេង២នាក់បានជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងមិនចាំផ្លាកលេខ ទៅអង្គុយសាងសងនៅលើកញ្ចុស រមណីយដ្ឋានទន្លេបាទី បន្ទាប់មកមិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែគេឃើញមាននារីម្នាក់បានយកកាំបិតចាប់អារកមិត្តភក្តិរបស់ខ្លួន រួចរុញទម្លាក់ទឹក បណ្តាលឲ្យស្លាប់ បន្ទាប់មកនារីរូបនោះ បានជិះម៉ូតូវ៉េវ គេចខ្លួនបាត់ភ្លាមៗ៕

មតិយោបល់