ព័ត៌មានជាតិ

ស្លាប់៣នាក់របួសធ្ងន់-ស្រាល១៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៥ខែកក្កដា

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ២នាក់) រងរបួសធ្ងន់១០នាក់ (ប្រុស) និងរបួសស្រាល៦នាក់ (ប្រុស) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងយានផ្សេងៗ ចំនួន១គ្រឿង។ សូមបញ្ជាក់ថា របាយការណ៍នេះ គឺ គិតចាប់ពីម៉ោង១៤ថ្ងៃទី២៤ ខែកក្កដា ដល់ម៉ោង១៤ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ។

របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់១នាក់), មិនគោរពសិទ្ធិ២លើក (ស្លាប់១នាក់), ស្រវឹង១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ១លើក, និងបត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ ( យប់៦នាក់)។ គ្រោះថ្នាក់នៅលើដងផ្លូវរួមមាន៖ ផ្លូវជាតិចំនួន៦លើក និងផ្លូវខេត្ត-ក្រុងចំនួន១លើក ដោយឡែកយានយន្តដែលបង្កហេតុរួមមាន ម៉ូតូ៤លើក និងរថយន្តធុនតូច៥លើក។

របាយការណ៍ បានបន្ដទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ៣លើក ស្លាប់២នាក់ (ស្រី) របួស៨នាក់ (ស្រី៤នាក់) និងខេត្តកំពង់ឆ្នាំង១លើក ស្លាប់១នាក់ ។

របាយការណ៍ដដែល បានបន្ថែមទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន២៣៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៩៥១គ្រឿង និងពិន័យសរុបចំនួន១៤០៣គ្រឿង។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ នារសៀលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ៕

មតិយោបល់