ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលករខ្មែរ ជាង២៩ម៉ឺននាក់ ធ្វើចំណាកស្រុកទៅបរទេសនៅដើមឆ្នាំ២០១៦

បន្ទាយមានជ័យៈ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋកម្ពុជា ជាង២៩ម៉ឺននាក់ បានធ្វើចំណាកស្រុកទៅធ្វើពលករនៅបរទេស នាក្នុងដើមឆ្នាំ២០១៦នេះ ក្នុងនោះ មានពលករតែជាងពាក់កណ្ដាលប៉ុណ្ណោះដែលស្របច្បាប់។ នេះជាការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំដកពិសោធន៍លើការងារគ្រប់គ្រងលំហូរមិនប្រក្រតី នៃពលករឆ្លងកាត់ព្រំដែន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងកិច្ចប្រជុំដែលសិក្សាស្វែងយល់អំពីស្ថានភាពលំហូរពលករឆ្លងកាត់ព្រំដែន របៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែងរកដំណោះស្រាយដោយរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយឆ្លើយតបនឹងភាពរងគ្រោះរបស់ពលករ និងពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពល្អជាងមុននាព្រឹកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថា បើតាមទិន្នន័យរបស់មន្ត្រីមូលដ្ឋាន ក្នុងរយៈពេលដើមឆ្នាំ២០១៦នេះ មានពលករធ្វើចំណាកស្រុកចំនួន២៩៩,២៥៤នាក់ ស្រី១៣០,២០២នាក់ និងអនិតិជន៥,៨១៧នាក់ ក្នុងនោះដែរ ពលករស្របច្បាប់មានតែចំនួន១៥៥,០២៤ប៉ុណ្ណោះ។

សម្ដេចក្រឡាហោម ឲ្យដឹងទៀតថា បច្ចុប្បន្នជនចំណាកស្រុកឆ្លងកាត់ព្រំដែន ឬទេសសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេស បានកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសការចេញតាមច្រករបៀងមិនស្របច្បាប់ និងតាមវិធីសាស្ត្រស្របច្បាប់នានា ដែលមិនធានាដល់សុវត្ថិភាពក្នុងការស្នាក់នៅ។ សម្ដេចបន្តថា ក្នុងចំណោមប្រជាជនខ្មែរ នៅក្នុងប្រទេសផ្សេងៗ បានរកឃើញថា ជនរងគ្រោះទាំងអស់នោះ ទទួលរងនូវអំពើរត់ពន្ធ និងជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហិង្សាលើផ្លូវកាយ និងផ្លូវភេទជាដើម។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បញ្ជាក់ដែរថា បញ្ហាជួញដូរមនុស្ស ក៏ជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគនឹ្លះដោះស្រាយ ព្រោះបញ្ហានេះធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឲ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរ។

សម្ដេចក្រឡាហោមក៏បានស្នើឲ្យមន្ត្រីមានសមត្ថកិច្ចទាំងអស់ ត្រូវចុះឃ្លាំមើលរាល់សកម្មភាពជនខិលខូចជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ និងបន្តអប់រំផ្សព្វផ្សាយដល់ពលករឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យពលករទាំងអស់ងាកមករកការងារធ្វើនៅក្នុងប្រទេសវិញ៕

មតិយោបល់