ភ្នំពេញៈ ទីបំផុត តារាចម្រៀងប្រុសល្បីឈ្មោះបោះសំឡេងក្នុងស្រទាប់យុវវ័យ លោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ បានសម្រេចជួយឧបត្ថម្ភដល់កីឡាករប្រដាល់ជើងចាស់ ជៀស ស្រួច នូវទឹកប្រាក់ប្រមាណ២លានរៀល កាលពីថ្ងៃទី២៦ ខែកក្កដា។ នេះជាការចេញមុខជួយដល់កីឡាករ និងអតីតតារាសម្ដែងដែលកំពុងជួបការលំបាក បន្ទាប់ពីមានព័ត៌លេចឮតគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកថា លោក សិរីមន្ត ស្នើឲ្យជួយ ជៀស ស្រួច។
ក្នុងគណនីហ្វេសប៊ុកឈ្មោះ Bong Lo Hi ដែលបានបង្ហោះជាសំណេរអមដោយរូបភាពប៉ុន្មានសន្លឹក កាលពីព្រលប់ថ្ងៃម្សិលមិញ ឲ្យដឹងថា លោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ រួមទាំងមិត្តភ័ក្ត បាននាំយកនូវជំនួយឧបត្ថម្ភជាថវិកាចំនួន២លានរៀល ជួយដល់កីឡាករ ជៀស ស្រួច ដែលកំពុងជួបការលំបាក។ ហ្វេសប៊ុកសរសេរថា “ថ្ងៃនេះប្អូនខេមរះសិរីមន្ត នឹងក្រុមគ្រួសារ រួមទាំងមិត្តភក្រ្ត័ លី សៀវផេង បានឧបត្ថមដល់កីឡាករ ជា ស្រួច ដែលប្អូនកំពង់ជួបទុក្ខលំបាកសរុបចំនួន ២,០០០,០០០រៀល”។
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចឮពីការស្នើសុំរបស់អ្នកលេងហ្វេសប៊ុក ដល់កំពូលតារាចម្រៀងដ៏ល្បីនៅកម្ពុជា លោក ខេមរៈ សិរីមន្ត ជួយជាទឹកចិត្ត ក៏ដូចជាថវិកាដល់ ជៀស ស្រួច ដែលកំពុងមានជីវភាពលំបាក។ ការស្នើឡើងនេះ ដោយសារ ជៀស ស្រួច កន្លងមកធ្លាប់បានបង្ហាញវត្តមានថតកុន ជាពិសេសគឺបង្ហាញវត្តមានក្នុងបទ «បេះដូងអ្នកប្រដាល់» របស់តារាចម្រៀង ខេមរៈ សិរីមន្ត។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក ជៀស ស្រួច បានវិលមកកាន់ភ្នំពេញវិញ ដោយស្នាក់នៅបណ្ដោះអាសន្នក្នុងផ្ទះលោក អេ ភូថង ដើម្បីស្វែងរកការងារធ្វើ បន្ទាប់ពី ជៀស ស្រួច បែកបាក់ពីប្រពន្ធរួចក៏ទៅរស់នៅប៉ោយប៉ែត ដោយជីវភាពយ៉ាងលំបាក៕
មតិយោបល់