ភ្នំពេញៈ ព្រោះតែចង់ឃើញអង្គរ នឹងចង់ស្គាល់កម្ពុជា បុរសជនជាតិជប៉ុនម្នាក់បានចំណាយពេលវេលាជាង១ឆ្នាំបានជិះកង់ចេញពីប្រទេសរបស់ខ្លួន ដោយបានធ្វើដំណើរឆ្លងកាត់ផ្លូវរាប់ម៉ឺនគីឡូម៉ែត្រនឹងកាត់តាមប្រទេសជាច្រើន ទើបមកដល់ប្រទេសកម្ពុជា
យើងតាមច្រកអន្តរជាតិប៉ោយប៉ែត។
បុរសជនជាតិជប៉ុនរូបនេះ ត្រូវបានគេស្គាល់ ឈ្មោះ Shun Yanagisawa អាយុ៣៤ឆ្នាំ លោកគឺជាអ្នកពន្លត់អគ្គិភ័យ និងជាអ្នកចូលចិត្តជិះកង់មើលទេសភាព ។ លោក Shun Yanagisawa បានប្រាប់ឲ្យដឹងថា រូបលោកបានចាប់ផ្ដើមជិះកង់ចេញពីប្រទេសរបស់ខ្លួនតាំងពីថ្ងៃទី០១ កក្កដា ២០១៥ មកម្ល៉េះ ដោយលោកបានឆ្លងកាត់ប្រទេសជាច្រើនដូចជា កោះតៃវាន់ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងចុងក្រោយចូលមកដល់ប្រទេសកម្ពុជានេះ ហើយបានស្នាក់នៅនឹងដើរថតរូបនឹងមើលអង្គរវត្តដ៏ល្អឯកគ្មានពីរនៅលើពិភពលោក ព្រមទាំងស្នាក់នៅខេត្តសៀមរាប់រយៈពេល១០ថ្ងៃផងដែរ ទើបបន្តមកភ្នំពេញ នាថ្ងៃទី១៨ កក្កដា កន្លងទៅនេះដោយលោកបានមកស្នាក់នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះលេខ២០៥ ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង។
លោកបានប្រាប់ថា នៅពេលស្នាក់ក្នុងសណ្ឋាគានោះលោកបានទុកកង់ក្នុងបរិវេននោះ ហើយកង់របស់គាត់ក៏ត្រូវបានចោរលួចបាត់ មិនដឹងតាំងពីម៉ោងប៉ុន្មាននោះទេ។ ហើយនៅថ្ងៃទី១៩ កក្កដា លោកក៏បានដាក់ពាក្យបណ្ដឹង នៅស្នាក់ការអន្ដោប្រវេសន៍ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចឲ្យស្វែងរក។
លោក Shun Yanagisawa បាននិយាយថា «ខ្ញុំនឹកកង់ខ្ញុំណាស់ ព្រោះវានៅជាមួយខ្ញុំជិត១ឆ្នាំមកហើយ សូមសមត្ថកិច្ច និងអាជ្ញាធរ មេត្តាជួយស្វែងរកផង មុនពេលដែលខ្ញុំ នឹងត្រូវចាកចេញពីកម្ពុជានៅថ្ងៃទី៣០ កក្កដា ខាងមុខនេះ។ ជាពិសេស បើបងប្អូនខ្មែរប្រទះឃើញកង់របស់ខ្ញុំ ដូចមានក្នុងរូបថត សូមមេត្តាផ្ដល់ដំណឹងជូនសមត្ថកិច្ចផង។
លោកបានឲ្យដឹងទៀតថា មុនពេលមកដល់រាជធានីភ្នំពេញ លោកបានជិះកង់ចេញ និងស្នាក់នៅខេត្តសៀមរាបរយៈពេលជាង១០ថ្ងៃ និងជិះកង់បន្ដដំណើរមកដល់រាជធានីភ្នំពេញរយៈ៤ថ្ងៃគិតមកដល់ពេលនេះ ។ ហើយគ្រោងនឹងបន្ដដំណើរទៅប្រទេសវៀតណាមទៀត តែកង់របស់លោកត្រូវចោរលួចបាត់ទៅហើយ។
លោកបន្តថា «ប្រសិនបើរកកង់ខ្ញុំមិនឃើញទេ ខ្ញុំនឹងត្រឡប់ទៅប្រទេសខ្ញុំវិញ និងមិនបន្ដដំណើរទៅប្រទេសផ្សេងទៀតទេ»៕
មតិយោបល់