ព្រៃវែងៈ ស្រវឹងធ្លាក់ភ្នែកជិៈម៉ូតូក្នុងល្បឿនលឿនចូលគន្លងរថយន្ត ត្រូវរថយន្តបុកផ្លោងធ្លាក់ម៉ូតូប៉ើងជាច្រើនម៉ែត្រ បណ្ដាលឲ្យរបួសធ្ងន់ទាំង០៣នាក់ តែបានស្លាប់០២នាក់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ។ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧៖៤០យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៨ នៅចន្លោះគីឡូម៉ែតលេខ៤៩-៥០ ចំនុចភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានគ្នា០៣នាក់ ទី១-ឈ្មោះ តូនី បូផា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាងសំណង់ រស់នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង (រងរបួសធ្ងន់ ដាច់កំភួនជើង និងដៃ)។ ទី២ ឈ្មោះ ក្រេង ចក់ ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិជាមួយបានរងរបួសដាច់ករជើងនិងភ្លៅ ដោយរបួសធ្ងន់ពេកបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ ទី៣ ឈ្មោះ ស៊ុន លាង មឹក ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិជាមួយ បានរបូតគល់ភ្លៅ និងកំភួនជើងដៃជាច្រើនកន្លែង បានស្លាប់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញ អ្នកទាំង០៣ បើកម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX-6970 ស៊េរីឆ្នាំ២០១៦ ឌុបគ្នា៣នាក់ក្នុងទិសដៅពីលិចមកកើតមកពី7NG ខណៈចេញពីជប់លៀងចាក់ផ្លូវបីតុងរួច ដោយមានសភាពស្រវឹងផងនោះ បើកក្នុងល្បឿនលឿនដូចហោះ ពេលមកដល់ចំនុចកើតហេតុ បានជ្រុលចង្កូតមកជញ្ចើមផ្លូវខាងជើងផុតគំនូសសរ ហើយស្របពេលរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៣០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AF-1907 បើកដោយឈ្មោះ ពេជ្យ ណុប ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅខណ្ឌទួលគោក រាជធានីភ្នំពេញ និងនាក់រួមដំណើរ០៤នាក់ទៀត តែរត់អស់០៣នាក់ នៅ០២នាក់ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុកយ៉ាងពេញទំហឹង ផ្លោងម៉ូតូហោះចូលទឹក និងប៉ើងមនុស្ស២នាក់ធ្លាក់ពីលើផ្លូវ និងម្នាក់ទៀតខ្ទាតមកជញ្ចើមផ្លូវ។
ក្រោយពេលកើតហេតុភ្លាមៗ គេឃើញឡានពេទ្យពីរគ្រឿងបានទៅដឹកជនរងគ្រោះជាបន្តរបន្ទាប់។ នៅព្រឹកទី២៨កក្កដានេះ លោក ស៊ឹម កុសល អធិការស្រុកពារាំង បានឲ្យដឹងថា អ្នកទាំង២នាក់ដែលឃាត់ខ្លួនកាលពីយប់មិញនោះ បានឲ្យទៅផ្ទះវិញហើយ ព្រោះមិនមែនជាតៃកុងទេ។ ករណីនេះផងដែរ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងប្រមូលវត្ថុតាងទាំងម៉ូតូ និងរថយន្តយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំការដោះស្រាយតាមនិតិវិធី៕
មតិយោបល់