ព័ត៌មានជាតិ

មន្ដ្រីកាំកុងត្រូលខេត្តស្ទឹងត្រែង ចុះពិនិត្យទំនិញខូចគុណភាពតាមតូបរបស់អាជីវករ

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ មន្ត្រីកាំកុងត្រូលខេត្តស្ទឹងត្រែង ចុះពិនិត្យទំនិញនៅផ្សារស្ទឹងត្រែង អាជីវកនៅតាមផ្ទះ និងនៅតាម ទីតាំងលក់ដូរផ្សេងៗ ឲ្យរៀបចំ កុំដាក់ទំនិញលាយឡំគ្នា ហើយគ្រប់អាជីវករទាំងអស់ ត្រូវជ្រើសរើសយកទំនិញណា ដែលមានគុណភាពល្អមកលក់ ដើម្បីធានាគុណភាព និងសុវត្ថិភាពទំនិញកុំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

សកម្មភាពចុះពិនិត្យរបស់មន្ដ្រីជំនាញ មានការគាំទ្រពីក្រុមអាជីវករលក់ទំនិញនៅក្នុងផ្សារ ដែលបានចុះមកពិនិត្យ និងណែនាំដល់អាជីវករពួក ឲ្យប្រុងប្រយ័ត្នចំពោះការទទួលនាំចូលទំនិញមកលក់ ហើយជួយក្រើនរំលឹក ដល់ពួកគាត់ក្នុងការប្រកបរបស់រកស៊ីលក់ដូរឲ្យបានត្រឹមត្រូវស្របទៅតាមច្បាប់។

លោក យូ ចំរើន មន្ត្រីសាខាកាំកុង ត្រូល បានបញ្ជាក់ថា សកម្មភាពចុះពិនិត្យ ទំនិញ គឺពិតជាបានលើកកម្ពស់សុខភាព ដល់អ្នកប្រើប្រាស់ និងចៀសវាងកុំឲ្យប្រជាពលរដ្ឋ មកពីទីជនបទទិញទំនិញផ្សេងៗយកទៅបរិភោគប៉ះចំលើទំនិញខូចគុណភាព និងគ្មានអនាម័យ នាំឲ្យកើតជំងឺផ្សេងៗ។

លោកពន្យល់ដល់អ្នកលក់ និងអ្នកទិញ ត្រូវពិនិត្យមើល ស្លាកសញ្ញា ដោយខ្លួនឯងផង កុំទុកចិត្តឈ្មួញជាអ្នកនាំចូល ហើយអាជីវករ ត្រូវដាក់តាំងលក់ ផលិតផលទំនិញឲ្យមានរបៀបរៀបរយ ឲ្យដាច់ដោយឡែកពីគ្នា ដូចជា សាប៊ូ ថ្នាំជក់ បារី គ្រឿងក្រអូប ចំណីអាហារ ដើម្បីថែរក្សារគុណភាព ទំនិញរបស់យើង និងសុខភាពអ្នកប្រើប្រាស់ផង។

ជាមួយនេះ លោកក៏បានសំណូមពរដល់អ្នកទិញទៅបរិភោគ មុនពេលទិញត្រូវពិនិត្យ នូវស្លាកសញ្ញា និងកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រូវផងដែរ ជ្រើសរើសយកទំនិញណាដែលវេចខ្ជាប់ បានត្រឹមត្រូវ ឬចំណីអាហារណា ដែលមានអនាម័យ មានគុណភាពល្អ ដើម្បីចូលរួមលើកកម្ពស់ ផ្នែកសុខភាពទាំងអស់គ្នា និងកុំឲ្យខាតបង់ថវិកាទាំងអស់គ្នា។

ជាមួយ និងការចុះណែនាំនេះមន្ត្រីសាខាកាំកុងត្រូលដកហូតបានទំនិញខូចគុណភាពមួយចំនួនដូចជា ទឹកស៊ីអ៊ីវ ទឹកខ្មេះ តឹកតៅហ៊ូ ទឹកក្រូច និងនំកញ្ចប់ ជាច្រើនទៀត ជាទំនិញផុតកំណត់ប្រើប្រាស់៕

មតិយោបល់