លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool បានបណ្ដេញខ្សែការពារ Mamadou Sakho ឱ្យត្រលប់ទៅសម្រាកនៅស្រុកកំណើតវិញភ្លាម បន្ទាប់ពីកីឡាកររូបនេះមិនស្ដាប់បញ្ជាដល់ទៅ៣ដងជាប់។
ក្រុម Liverpool កំពុងតែដំណើរការប្រកួតមិត្តភាពរបស់ខ្លួននៅអាមេរិក ហើយមុននេះបន្តិចពួកគេក៏បានប្រកួតចាញ់ក្រុម Chelsea ដោយលទ្ធផល ១-០ ផងដែរ។ ក្រោយបញ្ចប់ការប្រកួតនេះហើយ នៅពេលនេះក៏មានដំណឹងមកថាគ្រូបង្វឹក Klopp មានបញ្ហាជាមួយកីឡាករក្នុងក្រុមម្នាក់ហើយ ដោយម្នាក់នោះមានឈ្មោះថា Sakho ។ បញ្ហារហូតដល់បណ្ដេញកីឡាករចេញពីកម្មវិធីប្រកួតមិត្តភាពមុនបើករដូវកាលនេះ មាន៣ចំណុច។
ចំណុចទី១ គឺ Sakho មកយឺត អំឡុងពេលសមាជិកក្រុមដទៃទៀតបានជុំគ្នាអស់ទៅហើយ ដើម្បីត្រៀមឡើងយន្តហោះមកអាមេរិកនេះ ។ ចំណុចទី២ រូបគេទៅហ្វឹកហាត់ជាមួយក្រុមមិត្តរួមក្រុមក៏យឺតពេល ហើយមិនស្ដាប់ការណែនាំរបស់គ្រូបង្វឹកឡើយ។ ចំណែកឯចំណុចដែលធ្ងន់ជាងគេនោះ គឺ Sakho បន្ទាប់ពីហាត់ចប់ ក៏មិនមកញ៉ាំអាហារជាមួយគេដែរ ។
ទាំង៣ចំណុចនេះហើយ ទើបធ្វើឱ្យលោក Klopp ទប់ចិត្តមិនបាន រហូតបញ្ជាឱ្យខ្សែការពាររូបនេះត្រលប់ទៅផ្ទះវិញ មិនឱ្យចូលលេងក្នុងកម្មវិធីប្រកួតមិត្តភាពនៅអាមេរិកនេះទេ។ ទាក់ទងនិងរឿងនេះដែរ ខាងក្លឹប Liverpool មិនទាន់ចាត់វិធានការអ្វីនៅឡើយទេ ដោយរង់ចាំឱ្យចប់កម្មវិធីសិន ទើបកោះហៅ Sakho មកនិយាយគ្នា៕
មតិយោបល់