ភ្នំពេញ: កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នាសណ្ឋាគារកាំប៉ូឌីយ៉ាណា នៅក្នុងពិធីផ្សព្វផ្សាយសៀវ ភៅកំរងកំណាព្យជីវប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានចំណងជើងថា ស្ត្រីឆ្នើម អតីតកសិករកម្ពុជា ដែលបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមនិងសំរបសំរួលក្នុង ការបោះពុម្ពផ្សាយដោយ លោក តាំង កក់ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានការចូលរួមពីលោក ទុំប៉ែន វីរវិទូ ប្រធានក្រុមស្រាវជ្រាវសៀវភៅកុលាបក្រហមដងទន្លេមេគង្គ និងជានាយកទំនាក់ទំនងសាធារណៈ ព្រមទាំងលោកសាស្ត្រាចារ្យ ទូច គីម ស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ រួមនឹងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត។
ស្ត្រីឆ្នើមអតីតកសិករកម្ពុជា ត្រូវបានបានយកមកផ្សព្វផ្សាយជាផ្លូវការនិងប្រគល់ជូនក្រសួងអប់រំ យុវជននិងកីឡា ដើម្បីចែកចាយបន្តនៅតាមស្ថាប័ននិងគ្រឹះស្ថានសិក្សានានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក អៀង ពិសី អ្នកនិពន្ធសៀវភៅកំរងកំណាព្យជីវប្រវត្តិស្ត្រីឆ្នើមអតីតកសិករកម្ពុជា បានឲ្យដឹងថា ខ្លឹមសារដែលបានចងក្រងនៅក្នុងសៀវភៅនេះ គឺដកស្រង់ពីជីវិតពិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងគ្រាដែលសម្តេចបានតស៊ូ លះបង់ ទាំងសេចក្តីសុខគ្រប់បែបយ៉ាងនិងសាច់ឈាមស្រស់ ដើម្បីជួយជាតិ ឲ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាមដ៏រន្ធត់កាលពីអតីតកាល មកទល់បច្ចុប្បន្ននេះទៀត ការលះបង់របស់សម្តេចដើម្បីជួយជាតិនិងប្រជាជន ក៏នៅតែបន្តយ៉ាងស្វិតស្វាញថែមទៀត ដោយបានជួយឧបត្ថម្ភគាំទ្រដល់ប្រជាជន ដែលមានការខ្វះខាតក្នុងជីវភាពនិងរងគ្រោះដោយបញ្ហាផ្សេងៗ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
បើតាមលោក តាំង កក់ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបញ្ជាក់ថា អ្វីដែលជាចំណុចចាប់ផ្តើមនៃការចូលរួមសហការចងក្រងសៀវភៅកំរងកំណាព្យជីវប្រវត្តិ ស្ត្រីឆ្នើមអតីតកសិករកម្ពុជានោះគឺដោយសារលោកមើលឃើញពីគំរូវីរភាពដ៏ថ្លៃថ្លា នៃការលះបង់សេចក្តីសុខផ្ទាល់ខ្លួនរបស់សម្តេច ដែលបានលះបង់ពេលវេលា កំលាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីបំរើប្រយោជន៍ជូន ជាតិ សាសនា និងព្រះមហាក្សត្រ ហើយគំរូនេះពិតជាថ្លៃថ្លា សំរាប់កូនចៅខ្មែរគ្រប់ជំនាន់ ដើម្បីឲ្យពួកគេបានសិក្សារៀនសូត្រយកគំរូតាម និងរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជា ឲ្យទទួលបានភាពរីកចំរើនថែមទៀត។
លោកក៏បានជំរុញដល់សិស្ស-និស្សិតនិងប្រជាពលរដ្ឋទូទៅឲ្យងាកមកចាប់អារម្មណ៍លើការអានសៀវភៅឲ្យបានច្រើនពីព្រោះសៀវភៅ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹងជាច្រើនសំរាប់សិក្សាស្រាវជ្រាវបង្កើនការយល់ដឹង៕
មតិយោបល់