ភ្នំពេញៈ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយអូលែត រាប់រយនាក់ផ្អើលរត់ចែកជើងគ្នា បន្ទាប់ពីនៅខាងក្នុងរោងចក្រ កើតមានឧប្បត្តិហេតុ ទុស្សេចរន្តអគ្គិសនី តែសំណាងល្អ ជួយពន្លត់ទាន់ពេលវេលា។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយអូលែត ស្ថិតនៅតាមផ្លូវ២០០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
តាមសម្តីកម្មករ បានឲ្យដឹងថា ខណៈដែលក្រុមកម្មករ កំពុងបំពេញការងារ ស្រាប់តែឮសូរសំទ្បេងផ្ទុះ ហើយហុយផ្សែងឆេះជាអណ្តាតភ្លើង ដោយទុស្សេ ខ្សែភ្លើងនៅខាងក្នុងរោងចក្រ ទើបបង្កឲ្យកម្មករផ្អើលរត់គេចរកច្រកចេញរៀងខ្លួន និងកម្មករមួយចំនួន យកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើង ហើយម្យ៉ាងវិញទៀត ក្នុងរោងចក្រ មានរៀបប្រព័ន្ធសុវត្ថិភាព ការពារគ្រាដែល មានអគ្គិភ័យ បាញ់ទឹកស្រោច ភ្លើងរលត់ទៅវិញភ្លាមៗ មិនបង្កឲ្យខូចខាត សម្ភារៈ រោងចក្រឡើយ ពោល ឆេះតែខ្សែភ្លើង ចំណុចទុស្សេប៉ុណ្ណោះ។
តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចចុះទៅពិនិត្យ និង ជំនាញខាងអគ្គិសនីកម្ពុជា ចុះទៅត្រួតពិនិត្យ ប្រព័ន្ធចរន្តភ្លើងឡើងវិញ ចំណែកឯកម្មករ ត្រូវបានក្រុមហ៊ុនឲ្យសម្រាកជាបណ្តោះអាសន្នសិន៕
មតិយោបល់