ភ្នំពេញៈ យោងតាមស្ពតខ្លីរបស់ទូរទស្សន៍ PNN អ្នកនាង ខាត់ សុឃីម បានក្លាយជាពិធីការិនីជំនួសលោក ព្រហ្ម ម៉ាញ គួរឲ្យភ្ញាក់ផ្អើលនៅក្នុងកម្មវិធី «វេទិកាព្រហ្មម៉ាញ» ដោយសារតែលោក ព្រហ្ម ម៉ាញ សុំច្បាប់ ហើយមិនអាចបន្ដការងារនៅកម្មវិធីនេះបាន។ ដំណឹងនៃការចូលខ្លួនជំនួសលោក ព្រហ្ម ម៉ាញ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកម្មវិធី «វេទិកាព្រហ្មម៉ាញ» គឺលោក ព្រហ្ម ម៉ាញ ជាតួអង្គធំ ប៉ុន្តែបែរជាត្រូវជំនួសដោយអ្នកនាង ខាត់ សុឃីម។
ឆ្លើយតបនឹងចម្ងល់ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ មន្ត្រីម្នាក់ របស់ទូរទស្សន៍ PNN បានអះអាងថា លោក ព្រហ្ម ម៉ាញ ពិតជាបាត់មុខពីកម្មវិធី «វេទិកាព្រហ្មម៉ាញ» ប្រាកដមែន ដោយលោកនឹងត្រូវបាត់មុខចាប់យប់ថ្ងៃពុធ ទី៣ ខែសីហានេះ ហើយដាក់ជំនួសដោយអ្នកនាង ខាត់ សុឃីម។ យ៉ាងណាមិញ លោកថា លោក ព្រហ្ម ម៉ាញ បានដាក់ច្បាប់ត្រឹមតែក្នុងខែសីហាប៉ុណ្ណោះ បើទោះជាភាពជាក់ស្ដែង គឺការសុំច្បាប់របស់លោក ព្រហ្ម ម៉ាញ អាចនឹងត្រូវអូសបន្លាយនៅមិនទាន់ប្រាកដ។ លោកបន្ថែមថា កម្មវិធីនេះ នៅតែជារបស់លោក ព្រហ្ម ម៉ាញ ដដែលទេ ដោយគ្រាន់តែ ខាត់ សុឃីម នឹងឡើងអង្គុយកៅអីរបស់លោកកាន់តែយូរ ប្រសិនបើលោក ព្រហ្ម ម៉ាញ សុំច្បាប់ហួសពីមួយខែ។
ទោះជាយ៉ាងណា នៅមិនមានការបញ្ជាក់ថា តើលោក ព្រហ្ម ម៉ាញ សុំច្បាប់ទៅណានោះទេ ដោយគ្រាន់តែការទម្លាយចេញ គឺលោកត្រូវចេញទៅអាមេរិក តាមទម្លាប់ ដែលជារឿយៗ គឺធ្វើឡើងមួយ ឬ២ដង ក្នុងមួយឆ្នាំ។ មន្ត្រីកម្មវិធីពី PNN ព្រលយថា អ្នកនាង ខាត់ សុឃីម នឹងក្លាយជាតារាតែម្នាក់គត់ ដែលអាចជំនួសតំណែងរបស់លោក ព្រហ្ម ម៉ាញ ក្នុងកម្មវិធី «វេទិកាព្រហ្មម៉ាញ» ដែលទូរទស្សន៍ក្នុងស្រុកមួយនេះ ធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង៨កន្លះ ដល់ម៉ោង៩យប់។ លោកនិយាយថា ក្នុងមួយខែសីហានេះ ខាត់ សុឃីម នឹងបង្ហាញខ្លួនក្នុងនាមជាពិធីការិនីជំនួសលោក ព្រហ្ម ម៉ាញ ប៉ុន្តែបើលោក ព្រហ្ម ម៉ាញ ពន្យាពេលសុំច្បាប់ នោះអ្នកនាងនឹងនៅតែបន្ត។ យ៉ាងណាមិញ កម្មវិធីនេះ នឹងមិនប្ដូរឈ្មោះនោះទេ គឺនៅតែមានឈ្មោះថា «វេទិកាព្រហ្មម៉ាញ» បើទោះជាពិធីការិនី គឺជាអ្នកនាង ខាត់ សុឃីម។
មន្ត្រី PNN បញ្ជាក់ថា អ្នកនាង ខាត់ សុឃីម គឺតារាសិល្បៈដែលមានកេរ្តិ៍ឈ្មោះ និងមានសមត្ថភាពបញ្ចេញវោហារស័ព្ទកំប្លុកកំប្លែងប្រដេញប្រសងជាមួយដៃគូ គឺលោក ចាប ចៀន បានល្អមិនចាញ់លោក ព្រហ្ម ម៉ាញ ទើបអ្នកនាងទទួលបានឱកាសនេះ ក្នុងពេលលោក ព្រហ្ម ម៉ាញ បាត់មុខ។ អ្នកនាងនឹងបើកឆាកក្នុងកម្មវិធី «វេទិកាព្រហ្មម៉ាញ» នៅយប់ថ្ងៃពុធនេះ ដោយមានការទន្ទឹងចង់ឃើញជាច្រើនថា ភាពប៉ិនប្រសព្វរបស់អ្នកនាងនឹងធ្វើឲ្យកម្មវិធីទាំងមូលទាក់ទាញកម្រិតណា បើធៀបនឹងលោក ព្រហ្ម ម៉ាញ ដែលពោរពេញដោយវោហារស័ព្ទកំប្លែងនោះ។
អ្នកនាង ខាត់ សុឃីម បញ្ជាក់ថា ក្នុងឱកាសជំនួសលោក ព្រហ្ម ម៉ាញ នៅ PNN អ្នកនាងរំពឹងថា នឹងទទួលបានការគាំទ្រកាន់តែខ្លាំង ដោយសារតែកម្មវិធីនេះ ជាកម្មវិធីដែលមានការពេញនិយមស្រាប់។
គួរបញ្ជាក់ផងដែរថា កម្មវិធី «វេទិកាព្រហ្ម ម៉ាញ» ទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមកម្មវិធីបង្កើតថ្មីរបស់ទូរទស្សន៍ PNN។ កម្មវិធីនេះ ធ្លាប់បានបង្ហាញខ្លួនដោយតារាល្បីៗជាច្រើនដូចជា លោក នេនទុំ អ្នកនាង សារ៉ាយ សក្កណា អ្នកនាង ទូច ស្រីល័ក្ខ កញ្ញា ព្រះកាយច័ន្ទ និងកញ្ញា នៅ សូនីតា ជាដើម។ ដោយឡែកនៅយប់ថ្ងៃពុធ ទី៣ ខែសីហានេះ មានការបញ្ជាក់ថា លោក សាឡាត់ និងលោក ហេង សារ៉េត ដែលសុទ្ធតែពូកែកំប្លែង និងធ្វើជាតារាកិត្តិយសប្រលែងសម្ដីជាមួយ ខាត់ សុឃីម និងលោក ចាប ចៀន ក្នុងពេល ព្រហ្ម ម៉ាញ បាត់មុខ៕
មតិយោបល់