ព័ត៌មានជាតិ

MSX បើកបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ស្លាប់និងរបួស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីយុវជន២នាក់ បានបើកម៉ូតូម៉ាកMSX ទៅបុកគូទរថយន្តរបស់គេដែលកំពុងបើកនៅខាងមុខពេញទំហឹង បណ្តាលឲ្យម្នាក់ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតរបួសធ្ងន់ ចំណែករថយន្តបើកគេចចេញទៅបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្តីរបស់ប៉ូលិសចរាចរណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបាន ជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FK-9990 ជិះគ្នា២នាក់ តាមបណ្ដោយផ្លូវខាងលើ ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុករថយន្ត មួយគ្រឿងពុំស្គាល់ម៉ាកចំពីក្រោយ បណ្តាលឲ្យដួលបោកនឹងរបាំងថ្មស្លាប់បាត់បង់ជីវិតម្នាក់ភ្លាមៗ នឹងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនឹងប្រគល់សាកសពជូនទៅ ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកឯអ្នកដែររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ រីឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំសាច់ញាតិមកយកម៉ូតូទៅវិញផងដែរ៕

មតិយោបល់