ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខែកក្កដា គ្រោះថ្នាក់ចរាចរណ៍សម្លាប់ពលរដ្ឋកម្ពុជា ១១៩នាក់ របួសជិត៥០០នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅតែជាជំងឺសង្គមទី១ នៅកម្ពុជា បើទោះមានកិច្ចខិតខំប្រឹងប្រែងចូលរួមទាំងរដ្ឋាភិបាល និងសង្គមស៊ីវិល ក្នុងការបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងផ្សព្វផ្សាយពីការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ហើយក្ដី។ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ នៅខែកក្កដា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានសម្លាប់មនុស្ស១១៩នាក់ និងរងរបួសប្រមាណជិត៥០០នាក់។ នេះបើតាមរបាយការណ៍ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យអនុវន្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រចាំខែកក្កដា ឆ្នាំ២០១៦ នៅរសៀលថ្ងៃទី៤ ខែសីហានេះ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមរបាយការណ៍របស់គណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក ដែលលើកឡើងក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងខែកក្កដានេះ បានកើតឡើងរហូតដល់២៦៥លើក សម្លាប់មនុស្សចំនួន១១៩នាក់ របួសចំនួន៤៨៧នាក់ ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ ចំនួន២៩លើក ខេត្តព្រសីហនុ ២៦លើក និងកំពង់ស្ពឺ ២០លើក។ មូលហេតុបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់៤៦% មិនគោរពសិទ្ធិអាទិភាព១២% បត់១១% ស្រវឹង៩% វ៉ាជែង៨% មិនប្រកាន់ស្តាំ៨% កត្តាយានយន្ត៣% ងងុយ១% និងកត្តាផ្សេងៗ២%។ បើប្រៀបធៀបនឹងខែកក្តដា ឆ្នាំ២០១៥ ថយចុះ១៦លើក ថយ៦% ស្លាប់ចំនួន៣០នាក់ ស្មើ៣០% និងអ្នករបួសកើនចំនួន៦២% ស្មើនឹង១៣%។

ទន្ទឹមនឹងនេះ បញ្ហាប្រឈមនៅតែមាន បើទោះមានកំនើននៃការចូលរួមផ្សព្វផ្សាយយ៉ាងណាក៏ដោយ ប៉ុន្តែការធ្វេសប្រហែសនៅមានការបំពានច្បាប់របស់អ្នកប្រើប្រាស់ផ្លូវ ការបើកបរលើសល្បឿនកំណត់ ការបើកបរមានជាតិស្រវឹង ការដឹកលើសទម្ងន់ ការមិនពាក់មួកសុវត្ថិភាព។

កាលពីខែមិថុនាកន្លងទៅ លោក ស៊ុន ចាន់ថុល ធ្លាប់ព្រមានដល់ម្ចាស់យានដ្ឋានកែច្នៃរថយន្តខុសច្បាប់ ដែលមានចំនួនរាប់រយឲ្យទៅចុះបញ្ជី ហើយការគ្រប់គ្រងយាន្ដដ្ឋាន និងទប់ស្កាត់យានដ្ឋានខុសច្បាប់នៅបន្តកើនឡើង ទោះជាយ៉ាងណាការអនវត្តន៍របស់ម្ចាស់យានដ្ឋាននៅមិនទាន់ពេញលេញ៕

photo_2016-08-04_16-54-13photo_2016-08-04_16-54-15photo_2016-08-04_16-54-17photo_2016-08-04_16-54-19photo_2016-08-04_17-08-11photo_2016-08-04_17-08-16photo_2016-08-04_17-08-20photo_2016-08-04_17-07-32photo_2016-08-04_17-07-33

មតិយោបល់