ព័ត៌មានជាតិ

ស្ករត្នោតមានផ្ទុកសារធាតុគីមីហាមឃាត់និងទំនិញខូចគុណភាព២៤៩.៥ គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តព្រៃវែង បានរកឃើញ

ព្រៃវែងៈ យោងតាមផេករបស់ អគ្គ. ការពារអ្នកប្រប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញ នៅក្នុងផ្សារក្រុងព្រៃវែង ស្ថិតនៅឃុំកំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងសកម្មភាពនោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ដែលបានកំពុងដាក់តាំងលក់ និងបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់លើផលិតផល ពពុះសណ្តែក ស្ករត្នោត សរុបបានចំនួន ០៧គំរូ ផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផល ស្ករត្នោត ១ គំរូ ដែលមានផ្ទុកសារធាតុម្សៅស (Sodium Hydrosulfite) ចំនួន ១៤គីឡូក្រាម ។ ជាមួយគ្នានោះមន្ត្រីសាខា ក.ប.ប. បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ២៣៥.៥ គីឡូក្រាម បន្ថែមទៀតផងដែរ។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់