ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យុត្តិធម៌មានទេ សម្រាប់អាជីវករផ្សាសាមគ្គីក្រគរ ឬក៏ជាផ្សារវេទនា

ភ្នំពេញៈ អាជីវករលក់ដូរនៅផ្សារសាមគ្គីក្រគរ បានស្រែកដង្ហើយរកយុត្តិធម៌ ខណៈការអភិវឌ្ឍន៍ពង្រីកផ្លូវបានធ្វើឲ្យប៉ះពាល់ដល់ក្របករបរ និងជីវភាពរបស់ពួកគាត់។ សារចែករំលែកតៗគ្នារបស់អាជីវករផ្សារសាមគ្គីក្រគរ បានស្រែករកយុត្តិធម៌ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដ៏ឆ្នើមម្នាក់របស់កម្ពុជា។

ក្រុមអាជីវករបានលើកឡើងថា ការអភិវឌ្ឍន៍ពង្រីកផ្លូវបានធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ ព្រោះតូបខ្លះត្រូវកាត់ដាច់ទាំងស្រុង ខ្លះកាត់នៅសល់តែ២ម៉ែត្រជាដើម។ ផ្សារសាមគ្គីក្រគរ ដែលស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺជាផ្សារដែលកសាងឡើងដោយអាជីវករ និងគណបក្សប្រជាជន រួមមានការអន្តរាគមន៍ជួយដោះស្រាយជូនពួកគាត់(អាជីវករ) ដោយលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ ខេត្តពោធិ៍សាត់។

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុងរបស់អាជីវករ៖

«សូមជួយ share ដោយក្តីអនុគ្រោះផង! អាជីវករផ្សារសាមគ្គី មានការខឹងសម្បារយ៉ាងខ្លាំងដោយសារតែមានការវ៉ាស់វែងថ្នល់បំបែក ដែលមិនមែនជាផ្លូវជាតិលេខ៥ ប៉ះតូបផ្សារសម្តេច ដែលអាជីវករបានកសាង និងសហការ៥០% ជាមួយនឹងគណបក្សប្រជាជន។ តែផ្ទុយទៅវិញ ការលក់ដូររបស់អាជីករ ទើបតែបានជាង២ឆ្នាំ ត្រូវមានបញ្ហាកាត់តូបអាជីវករចោល តើឲ្យពួកគាត់រស់នៅយ៉ាងដូចម្តេច? បើអាជីវករមួយចំនួនធំ សុទ្ធតែកំពុងខ្ចីប្រាក់ធនាគារតាំងពីកសាងផ្សារនេះមិនទាន់សងអស់ផង ហើយទីរផ្សារ គឺជាឆ្នាំងបាយរបស់ក្រុមគ្រួសារពួកខ្ញុំ បើសិនអស់តែសំយ៉ាបមុខវាគ្រប់គ្រាន់ហើយសម្រាប់ផ្លូវខាងកើតផ្សារនេះ ពីព្រោះផ្លូវនេះ មិនមែនជាផ្លូវជាតិលេខ៥ទេ។ ហើយប្រវែងផ្លូវពេលទឹកឡើងមានចម្ងាយតែកន្លះគីឡូទៅមួយគីឡូតែប៉ុណ្ណុះដល់មាត់ទឹកហើយ ហើយសម្បូរទៅដោយជនជាតិវៀតណាម រស់នៅ ចុះហេតុអ្វីក៏យកទំហំផ្លូវដល់ទៅ៣០សិបម៉ែត្រ បើថយតែ២ ទៅ៣ម៉ែត្រ នឹងផុតហើយ ទោះជា អភិវឌ្ឍន៍យ៉ាងក៏គួរតែឲ្យពួកគាត់លក់បាន់១០ឆ្នាំអីដែរ ពេលសាងសង់ឯកឧត្តម កែវ រតនៈ បានយកអាំងស៊ីញឺ គូរប្លង់ត្រឹមត្រូវច្បាស់លាស់ ទើបមានការសាងសង់។ ក្នុងនាមខ្ញុំជាអាជីវករដែលរងការប៉ះពាល់ សុំប្រាប់ថា ផ្សារនេះ កន្លងមកមានរឿងវេទនាណាស់ ក្រុមហ៊ុនវិនិយោគបានមកដេញថ្លៃធ្វើផ្សារនេះ ដោយលក់តូបក្នុងតម្លៃថ្លៃកប់ពពក ក្រុមអាជីវករបានប្រឆាំងតវ៉ារហូតដល់ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកក្រគរ លោកបានជួយអន្តរាគមន៍យកស្នាមមេដៃអាជីវករផ្សារចំនួនជាង៥០០នាក់ ជូនសម្តេចតេជោ ហ៊ុន សែន ត្រូវពិនិត្យ ក្រោយមកសម្តេចលោកបានអញ្ជើញទៅខេត្តព្រះវិហារ លោកបានមានប្រសាសន៍ថា ផ្សារក្រគរនេះ គឺទុកឲ្យអាជីវករសាងសង់ដោយខ្លួនឯង ថែមទាំងដាក់ឈ្មោះផ្សារនេះថា ( ផ្សារសាមគ្គីក្រគរ) ប្រធានផ្សារបានប្រាប់អាជីវករថា ផ្សារនេះក្រុមការងារ និងអាជីវករបានកុងត្រាជាមួយរដ្ឋាភិបាលរយៈពេល៤០សិបឆ្នាំ កន្លងមកថ្មីៗនេះ សម្តេចបានមកពិសាគុយទាវនៅក្នុងផ្សារសាមគ្គីក្រគរនេះទៀតផង និងមានការស្វាគមន៍ដោយទឹកមុខញញឹមញញែមពីរអាជីវករគ្រប់ៗគ្នា តែការញញឹមបានត្រឹមតែរយៈពេល៧អាទិត្យទេ ត្រូវក្រុមការងារវាស់ផ្លូវបានមកបាញ់ថ្នាំកាត់ផ្តាច់តូបលក់ដូរ ខ្លះដាច់អស់ ខ្លះសល់២ម៉ែត្រ។ សម្តេចលោកមានប្រសាសន៍នៅផ្សារខេត្តស្ទឹងត្រែងថ្មីៗនេះថា (ផ្សារណាក៏ដោយឲ្យតែផ្សារសម្តេចធ្វើ គឺត្រូវបានឲ្យលក់តកូនតចៅ កុំចាញ់នយោបាយគេ) ចុះពេលនេះ ម្តេចបានមកកាត់ផ្តាច់តូបពួកខ្ញុំដូចច្នេះទៅវិញ? យុត្តិធម៌មានទេសម្រាប់អាជីវករផ្សាសាមគ្គីក្រគរ ឬក៏ជាផ្សារវេទនាមកទល់ពេលនេះ មិនទាន់ឃើញក្រុមការងារបក្សចេញមុខមកជួយដោះស្រាយទេ (នេះជារឿងពិតរបស់ខ្ញុំផ្ទាល់)»

photo_2016-08-08_07-33-49photo_2016-08-08_07-33-52photo_2016-08-08_07-33-56photo_2016-08-08_07-33-59photo_2016-08-08_07-34-02photo_2016-08-08_07-34-05photo_2016-08-08_07-34-12photo_2016-08-08_07-34-15photo_2016-08-08_07-34-19

មតិយោបល់