ព្រះសីហនុៈ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានធ្វើការដាស់តឿនរំឭកដល់មន្ត្រីនគរបាលក្រោមឱវាទ គ្រប់ផ្នែកគ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងវិន័យការងារប្រចាំថ្ងៃឡើងវិញ ដើម្បីបង្កើនការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាជន។ លោកស្នងការបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រតិបត្តិការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ នៅស្នងការដ្ឋានខេត្ត នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។
ពិធីដែលប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានធ្វើការផ្សព្វផ្សាយនូវអនុសាសន៍ទាំង១១ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ។
ក្រោយពីស្តាប់របាយការណ៍បូកសរុបសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រចាំឆមាសទី១រួចមក លោកស្នងការនគរបាលខេត្ត ជួន ណារិន្ទ បានរំឭកដាស់តឿនឲ្យគ្រប់ផ្នែកគ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងវិន័យការងារប្រចាំថ្ងៃ ប្រមូលផ្តុំកម្លាំងប្រចាំការ ប្រចាំបញ្ជា គោរពអនុវត្តតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ដើម្បីរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្ត៕
មតិយោបល់