កំពង់ឆ្នាំងៈ រថយន្តលុចស៊ីស៥៧០ ផ្ទាល់ខ្លួន របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានរថយន្តម៉ាកកាមរី បុកពីក្រោយ បណ្តាលឲ្យ បែកផ្នែកខាងក្រោយចំណែក រថយន្តកាមរី ក៏បានខ្ទេច ផ្នែកខាងមុខ ផងដែរ ខណៈដែល រថយន្ត លោក អភិបាលខេត្ត ស្ថិតក្នុងក្បួន របស់ប្រមុខរាជរដ្ឋាភិបាល បង្អង់ល្បឿនឈប់។
ករណីនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសាលាវិទ្យាល័យបរិបូណ៌ត្បូង ឃុំពន្លៃ ស្រុកបរិបូណ៌។
នគរបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មុនពេល កើតហេតុ រថយន្ត ម៉ាកឡិចស៊ី ៥៧០ របស់លោក អភិបាលខេត្ត បានធ្វើដំណើរ ក្នុងក្បួន ប្រមុខរាជរដ្ឋាភិបាល លុះមក ដល់ចំណុចកើតហេតុ រថយន្តបានបង្អង់ល្បឿន បំណងឈប់ ក៏ស្រាប់ តែត្រូវរថយន្ត កាមរី ប្រជៀវ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AF 2532 ដែលបើកបរដោយ យោធាម្នាក់ឈ្មោះ ងួន សំណាង មានឋានន្តរសក្តិ ពលបាលឯក បានបើកមកពីក្រោយ ក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុក ពីក្រោយរថយន្ត លោក អភិបាលខេត្ត បណ្តាលឲ្យចំពិត និងបែកពីក្រោយ ។ ចំណែករថយន្ត បង្កបាន ចំពិត និងបែកពីខាងមុខដែរ តែពុំមានអ្នកណាម្នាក់ រងរបួស ក្នុងហេតុការណ៍នេះទេ ។
ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ច នគរបាលខេត្ត នាំយកមករក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីរង់ចាំ ការដោះស្រាយតាមនីតិវិធីនៃច្បាប់។ ចំណែករថយន្តលោក អភិបាលខេត្ត បាន បន្តដំណើរ ទៅខេត្តពោធិ៍សាត់ ជាបន្តទៀត ព្រោះកំពុងជាប់ភារៈកិច្ច ជូនដំណើរក្បួន របស់ប្រមុខរាជរដ្ឋាភិបាល ៕
មតិយោបល់