ភ្នំពេញៈ ដើម្បីជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារសកលឲ្យមានការកើនឡើង ក្រសួងពាណិជ្ជកម្ម មានលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្រ្តី បានធ្វើការពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានលោក សុខ ពុទ្ធីវុធ ជាប្រធាន រួមអមដំណើរដោយសមាជិកសមាជិកា តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាច្រើនរូបផងដែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម។
បើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា កិច្ចប្រជុំនាព្រឹកថ្ងៃនេះ បានពិភាក្សាយ៉ាងផុសផុលអំពីការងារសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករកម្ពុជា ចំនួន៦ចំណុច រួមមាន ទី១- ត្រួតពិនិត្យអង្ករ ដោយឯករាជ្យ មុនពេលនាំចេញ និងការបង់ថ្លៃសេវា ទី២- ការចុះបញ្ជីម៉ាក លើម៉ាកសញ្ញា “អង្ករម្លិះ” រួមទាំងការស្នើឲ្យកំណត់យក “ទន្លេសាប” ជាឈ្មោះទំនិញភូមិសាស្រ្តសម្រាប់អង្ករក្រអូបកម្ពុជា ទី៣- កែប្រែអាណត្តិការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ពី២ឆ្នាំ ទៅ៣ឆ្នាំ ទី៤- រិះរកយន្តការបើកច្រកពង្រីកទីផ្សារអង្ករកម្ពុជា ទី៥- ពិនិត្យមើលលទ្ធភាពក្នុងការចេញបទប្បញ្ញត្តិ ដែលតម្រូវឲ្យមានបញ្ជាក់ព័ត៌មានអំពីអាស័យដ្ឋាន ម៉ាកយីហោ និងប្រភពច្បាស់លាស់ ចំពោះស្រូវអង្ករនាំចូលកម្ពុជា និងដាក់លក់លើទីផ្សារកម្ពុជា និងចំណុចទី៦- គឺពិនិត្យឡើងវិញ លើភាគីអនុវត្តចំពោះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ COFCO ដែលនឹងត្រូវបន្តនៅខែកញ្ញា ឆ្នាំ២០១៦ ដូចមានលើកជាសំណើពីសហព័ន្ធស្រូវអង្ករកម្ពុជា។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានកត់សម្គាល់ថា សំណើទាំងអស់ខាងលើ ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យស្រូវអង្ករកម្ពុជា ជាពិសេសការអភិវឌ្ឍវិស័យនេះឲ្យដំណើរការទៅមុខដោយរលូន និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទាំងនៅក្នុងស្រុក និងនៅលើទីផ្សារស្រូវអង្ករលើពិភពលោក ជាពិសេសនៅសហគមន៍អឺរ៉ុប។
យ៉ាងណាមិញ ដោយសារសំណើទាំងនេះ មានពាក់ព័ន្ធជាមួយនាយកដ្ឋាន និងស្ថាប័នច្រើន លោករដ្ឋមន្រ្តី ក៏បានសម្រេចបង្កើតក្រុមការងារចម្រុះ ដើម្បីសិក្សា និងរិះរកវិធីសាស្រ្ត និងយន្តការនានា ក្នុងគោលដៅផ្តល់ដំណោះស្រាយ ចំពោះបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាព៕
មតិយោបល់