ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កងអង្គរក្សនាយករដ្ឋមន្ត្រី បដិសេធមិនមានឈ្មោះ សំ ប៉ូលីដា ក្នុងជួរកងអង្គរក្សនោះទេ

ភ្នំពេញ: បន្ទាប់ពីមានការលើកឡើងរបស់លោក ស្វាយ ស៊ីសុថា ដែលត្រូវជាស្វាមីរបស់តារាកំប្លែងនាង សំ ប៉ូលីដា ថាមានរឿងអយុត្តិធម៌ ដោយសារឈ្មោះភរិយារបស់ខ្លួន ត្រូវបានគេលួចនោះ បញ្ជាការដ្ឋានអង្គរក្សរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មិនដែលមានឈ្មោះអ្នកនាង សំ ប៉ូលីដា ក្នុងក្របខ័ណ្ឌនៃបញ្ជាការដ្ឋានអង្គរក្សនោះទេ។

មន្ត្រីនៃកងអង្គរក្សសម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រាប់ Post News មុននេះបន្តិចថា អ្នកនាង សំ ប៉ូលីដា មិនមានឈ្មោះក្នុងជួរកងអង្គរក្សនោះទេ ដោយកងអង្គរក្សសម្ដេចបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣មក អ្នកនាង សំ ប៉ូលីដា ពុំដែលមានឈ្មោះក្នុងបញ្ជីក្របខ័ណ្ឌរបស់ស្នងការដ្ឋានឃោសនា-ព័ត៌មាន នៃបញ្ជាការដ្ឋានអង្គរក្សឡើយ។

យ៉ាងណា កន្លងមក ក្នុងចន្លោះឆ្នាំ២០០៨-២០០៩ អង្គភាពធ្លាប់បានឃើញអ្នកនាង សំ ប៉ូលីដា មកចូលរួមច្រៀងនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ បានចំនួន២ដងដែរ គឺមកជាក្រុមជាមួយមិត្តភ័ក្តិ ដែលជាអ្នកចម្រៀងដូចគ្នាប៉ុណ្ណោះ មិនមែនមានន័យថា មានឈ្មោះក្នុងក្របខ័ណ្ឌបញ្ជាការដ្ឋានអង្គរក្សនោះទេ។ ការបដិសេធរបស់បញ្ជាការដ្ឋាអង្គរក្សនេះ គឺធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Post News បានដកស្រង់សម្ភាសន៍លោក ស្វាយ ស៊ីសុថា ថាឈ្មោះភរិយារបស់ខ្លួនត្រូវបានគេលួច។

គួរជម្រាបថា ក្នុងបទសម្ភាសន៍ជាមួយលោក ស្វាយ ស៊ីសុថា ហៅខ្យាង ដែលជាស្វាមីរបស់អ្នកនាង សំ ប៉ូលីដា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ លោកបានបញ្ជាក់ថា អ្នកនាង សំ ប៉ូលីដា ត្រូវបានគេលួចឈ្មោះនៅក្នុងកងអង្គរក្សក-៥ យ៉ាងអយុត្តិធម៌។ លោកថា ភរិយារបស់ខ្លួនបានតស៊ូច្រៀងរាំក្នុងកងអង្គរក្សរបស់សម្ដេច នាយករដ្ឋមន្ត្រី អស់ជាច្រើនឆ្នាំមក ប៉ុន្តែក្រោយពេលអ្នកនាងធ្លាក់កូដ ក៏មិនសូវត្រូវបានថ្នាក់លើហៅច្រៀង និងមានដំណឹងថា ឈ្មោះនោះត្រូវគេលុបចោលដាក់ជំនួសអ្នកថ្មីហើយ ទើបលោកមិនអស់ចិត្ត។

លោក ស្វាយ ស៊ីសុថា និយាយថា «ត្បិតថាខ្ញុំ និងប្រពន្ធធ្លាក់ខ្លួនប៉ុណ្ណឹង ប៉ុន្តែខ្ញុំអត់ឲ្យបងប្អូនណាលំបាកដោយសារខ្ញុំទេ ឲ្យតែខាងអង្គរក្សដែលយកឈ្មោះប្រពន្ធខ្ញុំទៅលក់ ហើយដាក់ឈ្មោះឲ្យគាត់បានច្រៀង និងបានស៊ីប្រាក់ខែវិញ ខ្ញុំអស់ចិត្តហើយ!»

លោកថា អ្នកនាង សំ ប៉ូលីដា បើនៅមានឈ្មោះក្នុងបញ្ជីកងអង្គរក្សដល់បច្ចុប្បន្ន គឺអ្នកនាងនឹងមានឋាន:មិនក្រោមស័ក្ដ៣នោះទេ ហើយលោកពោលថា ការលុបឈ្មោះនោះ គឺថ្នាក់លើដែលធ្លាប់ផ្ដល់ឲ្យអ្នកនាង ស្ថិតក្នុងបញ្ជីមិនបានដឹងនោះទេ។ លោកនិយាយថា «ក្នុងកងអង្គរក្ស ក-៥ហ្នឹង ខ្ញុំថាថ្នាក់លើអត់ដឹងទេ ព្រោះគាត់ធ្លាប់សួរថា ហេតុអ្វីបាត់អាដា (ប្រពន្ធ) អត់សូវឃើញ ហើយឲ្យគ្នាទៅម៉េច បើគេអត់ដែលប្រាប់ និងលក់ឈ្មោះគ្នាបាត់ហើយនឹង ចឹងបានថា សូមឲ្យអាដា មានឈ្មោះឡើងវិញ ដើម្បីគ្នាបានប្រាក់ខែចិញ្ចឹមកូនផង កុំធ្វើបាបគ្នាចឹង!»

អ្នកនាង សំ ប៉ូលីដា ក៏បានបង្ហាញអារម្មណ៍តូចចិត្តដូចគ្នា ពាក់ព័ន្ធនឹងរឿងគេយកឈ្មោះរបស់ខ្លួន ទៅលក់ឲ្យអ្នកផ្សេង បន្ទាប់ពីអ្នកនាងប្រឡូកការងារក្នុងកងអង្គរក្សអស់រយ:ពេលច្រើនឆ្នាំកន្លងមកនោះ។ អ្នកនាងនិយាយថា សុំឲ្យមានការដាក់បញ្ចូលឈ្មោះឲ្យអ្នកនាងឡើងវិញ ដើម្បីឲ្យនាងទទួលបានប្រាក់ខែចិញ្ចឹមខ្លួន ក្នុងពេលស្ថានភាពកំពុងស្ថិតក្នុងសភាពក្រលំបាកនាពេលនេះ៕

photo_2016-08-13_22-43-13

sam polida vs gard

មតិយោបល់