ត្បូងឃ្មុំៈ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីប្រជាជន និងបានចុះជាប់ជាមួយប្រជាជន ដែលនេះហើយគឺជាថ្នាក់ ដឹកនាំដែលមានការទទួលខុសត្រូវ ចំពោះជាតិនិងប្រជាជន។
ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថ្ងៃទី ១៣ ែខសីហា ឆ្នាំ២០១៦។ លោកបន្តថា អត្ថន័យនៃការប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាគឺទី១គឺជាការសម្រេចចិត្តចូលរួមជាមួយគណបក្សប្រកបដោយឆន្ទៈ ស្ម័គ្រចិត្តរបស់យុវជន និងជាលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសកម្មជនយុវជនគណបក្សប្រកបដោយសីលធម៌ គុណធម៌ដើម្បី បម្រើបក្ស និងបម្រើប្រជាជន និងសូមអរគុណសកម្មជនយុវជន ដែលបានចូលរួមសកម្មភាពបក្ស និងសកម្មភាពសង្គម ប្រកបដោយទឹកចិត្តឆន្ទៈខ្ពស់ និងការលះបង់ថវិកា ពេលវេលាដើម្បីជួយដល់បក្ស និងប្រជាជន។
លោក ហ៊ុន ម៉ាណែត បន្ថែមថា យុវជនជំនាន់មុនបានលះបង់សាច់ស្រស់ ឈាមស្រស់ រំដោះប្រជាជន កសាងប្រទេសជាតិរហូតមកដល់សព្វថ្ងៃ និងបានបន្សល់ទុកស្នាដៃជាច្រើនសម្រាប់យើងទាំងអស់គ្នា និងបានបង្កើតឱកាស និងក្តីសង្ឃឹម សម្រាប់យុវជនជំនាន់ក្រោយ ហើយក្នុងនាមជាយុវជនត្រូវរៀនសូត្រ ពីគំរូវីរៈភាពពីយុវជនជំនាន់មុន ដើម្បីក្លាយជាឆ្អឹងខ្នងរបស់បក្ស។
ជាមួយនេះដែរ យុវជន ត្រូវរក្សាសមិទ្ធិផលទាំងឡាយ ជាពិសេសសុខសន្តិភាពសេរីភាព ស្ថេរភាព កសាងសមិទ្ធិផលបន្ថែម សម្រាប់យុវជនជំនាន់ក្រោយៗទៀត។ បើមិនមានសុខសន្តិភាពស្ថេរភាពសង្គមទេ យើងក៏មិនអាចធ្វើអ្វីបានទេ។ ដូចច្នេះយុវជនត្រូវប្តេជ្ញាការពារសមិទ្ធិផលទាំងអស់នេះ សម្រាប់កូនចៅជំនាន់ក្រោយ។ យុវជនបក្សត្រូវកសាងអភិវឌ្ឍន៍ខ្លួនបន្ថែម ដើម្បីជួយដល់គ្រួសារ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងចូលរួមស្រលាញ់បក្ស ស្មោះត្រង់ជាមួយបក្ស ការពារ និងជួយបក្ស ប្រកបដោយសីលធម៌ គុណធម៌ និងអំពើល្អ ។
ការជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អនាគតប្រទេសជាតិ មិនមែនដូចការចាក់ឆ្នោតនោះទេ។ យុវជនត្រូវស្វែងយល់ពីបក្សនិង ជាឃោសនិករបស់បក្ស៕
មតិយោបល់