ភ្នំពេញៈ ខណៈដែលមនុស្សកាន់តែច្រើន សម្រុកលើកគ្នាទៅផ្ដល់ថវិកាជួយដល់អ្នកនាង សំ ប៉ូលីដា និងស្វាមី តាំងពីតារាសិល្បៈ មហាជន រហូតដល់ថ្នាក់ដឹកនាំ គឺតំណាងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បន្ទាប់ពីអ្នកទាំងពីរ បានបង្ហាញភាពកំសត់ធ្វើឲ្យមានការសង្វេគនោះ ស្រ្តីអនាមិកម្នាក់ បានចេញមុខប្រកាសដោយបើកចំហរថា ប្ដីប្រពន្ធទាំងពីរភូតកុហកដើម្បីបានជំនួយ និងថា អ្នកទាំងពីរ ក្រៅពីផឹក និងមានទម្លាប់ប្រើប្រាស់អំពើហិង្សាដាក់គ្នា ក៏ញៀនញ៉ាមដោយល្បែងស៊ីសងផងដែរ។ ការទម្លាយចេញបានអះអាងថា អ្នកនាង សំ ប៉ូលីដា ក្រៅពីបោកមហាជនរឿងស្វាមីមិនបានវ៉ៃឲ្យបាក់ជើង ក៏បានបំភ្លៃការពិតរឿងថា ក្រនោះដែរ ដោយសារតែធាតុពិត គឺអ្នកនាង និងស្វាមី គឺម្ចាស់ហាង «១សប្បាយមែន» ដែលពួកគេប្រកាសថា ជាហាងស៊ីឈ្នួលឲ្យគេនោះ។
ស្រ្តីដែល Post News សុំសិទ្ធិលាក់ឈ្មោះ និងបានអះអាងថា ជាស្គាល់ប្ដីប្រពន្ធ សំ ប៉ូលីដា ច្បាស់ដូចថ្ងៃ រស់នៅភូមិថ្មី ក្នុងឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់តាមទូរស័ព្ទថា ហាងផឹកស៊ីទ្រង់ទ្រាយធំយីហោ «១សប្បាយមែន» ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ដែលពួកគេកុហកថា ជាហាងរបស់គេនោះ គឺជាហាងរបស់ពួកគេវិនិយោគផ្ទាល់ខ្លួន បន្ទាប់ពីទីតាំងហាងចាស់ ត្រូវបានស្រ្តីម្នាក់ ជាបងធម៌ ដែលផ្ដល់ដីឲ្យបើកហាង និងរស់នៅបណ្ដេញចេញ។ អ្នកស្រីបញ្ជាក់ថា អ្នកនាង សំ ប៉ូលីដា និងស្វាមី ត្រូវបានអតីតបងធម៌ផ្ដល់ដីឲ្យរស់នៅ ស្ថិតនៅភូមិថ្មី ក្នុងឃុំកំពង់សំណាញ់ ក្បែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល និងជិតទីតាំងដែលខ្លួនរស់នៅ។ អ្នកទាំងពីរ រស់នៅទីនោះប្រមាណរយៈពេល៣ឆ្នាំ ទើបតែត្រូវម្ចាស់ដីជាបងធម៌បណ្ដេញចេញកាលពី៣ខែមុននេះប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំងពីរ ដើរប្រកាសថា ដីដែលខ្លួនរស់នៅជារបស់ខ្លួន និងឲ្យចេញមិនចង់ចេញ។
ស្រ្តីដដែលបន្តថា ក្នុងពេលរស់នៅទីនោះ មិនមានអ្នកណាមិនដឹងនោះទេ ថាលោកស័ក្ដិ៤ ស្វាយ ស៊ីសុថា ហៅខ្យាង ជាស្វាមីរបស់អ្នកនាង សំ ប៉ូលីដា ជាអ្នកចូលចិត្តវាយតប់លើភរិយា ក្រៅពីលេងល្បែងជាប្រចាំ។ ប៉ុន្តែស្រ្តីអនាមិក ក៏បានបញ្ជាក់ថា អ្នកនាង សំ ប៉ូលីដា មិនណយរឿងមើលងាយប្ដី និងជេរប្រមាថប្ដីផងដែរ ទើបបណ្ដាលឲ្យមានអំពើហិង្សាគ្រប់លើក ហើយដោយសាររឿងវាយតប់គ្នារហូតនាំឲ្យមានការប្ដឹងផ្ដល់ដល់សមត្ថកិច្ចដដែលជាដដែលនោះហើយ ទើបកើតជារឿងចម្រូងចម្រាស់ជាមួយម្ចាស់ដី ហើយឈានដល់ការបណ្ដេញចេញកាលពី៣ខែមុន ទើបអ្នកទាំងពីរ រត់មកជួលហាងបច្ចុប្បន្ន។
ប្រភពដដែលបន្តថា ហាងដែល សំ ប៉ូលីដា កុហកជាហាងរបស់គេនោះ គឺអ្នកទាំងពីរបានសេងពីម្ចាស់ហាងម្នាក់ ហើយបានចំណាយប្រាក់កែកុនអស់ជាច្រើន ដែលថវិកានោះ គឺបានពីស្វាមីរកបានពីការងារជាកងរាជអាវុធហត្ថ ដែលភាគច្រើនត្រូវចេញប្រតិបត្តិការចុះចាប់ឈើ ឬការដឹកជញ្ជូនទំនិញខុសច្បាប់ណាមួយ។ ស្រ្តីដដែលបានហៅការត្អូញត្អែររបស់អ្នកនាង និងស្វាមី ថាគ្មានកន្លែងជ្រក ថាជាការបោកប្រាស់មហាជនដើម្បីឲ្យមានការអាណិតអាសូរ ក្នុងពេលដែលអ្នកទាំងពីរ គឺមានលទ្ធភាពទាំងញៀនញ៉ាមល្បែស៊ីសង និងបើកហាង «១សប្បាយមែន» យ៉ាងហ៊ឹកហ៊ាក់។
មិនខុសពីការលើកឡើងរបស់ជនអនាមិក អ្នកជិតខាង២នាក់ ដែលអះអាងថា សាច់ញាតិម្ចាស់ដី ដែល សំ ប៉ូលីដា ជួលដីបើកហាងបានអះអាងថា សំ ប៉ូលីដា ពិតជាម្ចាស់ហាងមែន បន្ទាប់ពីបានសេងពីម្ចាស់មុន ហើយជួសជុលថ្មីដើម្បីដំណើរខ្លួនឯង។ ស្រ្តីអនាមិកបាននិយាយថា អ្នកអត់ដឹងពិតជាអាណិតចំពោះ សំ ប៉ូលីដា និងស្វាមី ប៉ុន្តែសម្រាប់អ្នកធ្លាប់រស់នៅក្បែរអ្នកនាង ក្នុងឃុំកំពង់សំណាញ់ គឺមិនយល់ដូច្នោះនោះទេ ដោយសារតែប្ដីប្រពន្ធទាំងពីរ ក្រៅពីវាយគ្នាបែកមុខបែកមាត់ស្ទើររាល់ថ្ងៃ ក៏ពូកែលេងល្បែងណាស់ដែរ។ យ៉ាងណាមិញ ស្រ្តីដដែលបានអះអាងថា ថ្វីត្បិតថា លោក ស្វាយ ស៊ីសុថា ពូកែប្រើអំពើហិង្សាលើអ្នកនាង សំ ប៉ូលីដា ប៉ុន្តែលោកក៏មានជំនាញរកប្រាក់បានច្រើន ក្នុងការបើកហាង «១សប្បាយមែន» មុនពេលបណ្ដេញចេញពីដីបងធម៌នោះដែរ។
ស្រ្តីដដែលបានអះអាងថា សំ ប៉ូលីដា បាក់ជើងដោយសារតែលោក ស្វាយ ស៊ីសុថា វាយនឹងបំពង់ទីបវាយឆ្កែ និងបានទះតប់បណ្ដាលឲ្យអ្នកនាងរយះច្រមុះ និងហើមមុខ ប៉ុន្តែអ្នកនាងមិនហ៊ាននិយាយ ដោយសារតែខ្លាចស្វាមី និងមិនចង់អស់ទីពុំនាក់។ អ្នកស្រីបញ្ជាក់ថា ខ្លួនមានភស្ដុតាងទាំងអស់បង្ហាញថា សំ ប៉ូលីដា ភូតកុហករឿងអត់ទីពឹង និងកុហកថា បែកមុខ ព្រោះគ្រោះថ្នាក់រអិលជើង។
ពាក់ព័ន្ធនឹងការលាតត្រដាងនេះ អ្នកនាង សំ ប៉ូលីដា បានអះអាងថា នោះជាការបំភ្លើស និងថា អ្នកនាងឈប់បើកហាងនៅឃុំកំពង់សំណាញ់ ព្រោះគេឈប់ជួលដី និងក្ស័យធន ហើយក៏មានបងធម៌ម្នាក់ បោះទុនបើកហាងឲ្យ ហើយជួលឲ្យអ្នកនាង និងស្វាមីមើលខុសត្រូវ។
ទោះយ៉ាងណាក្ដី ស្រ្តីអនាមិក បានបន្តព្រមានថា នឹងបញ្ចេញទិន្នន័យគ្រប់រឿង ពាក់ព័ន្ធនឹងទង្វើរបស់ប្ដីប្រពន្ធទាំងពីរ ទាំងការលេងល្បែង ទាំងរឿងលោក ខ្យាង ជាអ្នកធ្វើអំពើហិង្សាលើអ្នកនាង សំ ប៉ូលីដា និងរឿងកុហកថា ហាងរបស់គេ៕
មតិយោបល់