ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់ខ្លួនរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ក្រោយបើករថយន្តឡិចស៊ីស បុកគេបណ្ដាលឲ្យស្លាប់

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់ រថយន្តឡិចស៊ីស RX330 មួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបង្កបានក្រឡាប់ធ្លាក់ផ្លូវផ្ងាជើងឡើងលើ។ ករណីគ្រោះថ្នាក់់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៥០នាទី យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ នឿន ត្រាង ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មានមុខរបរជាអ្នករើសអេតចាយ ស្នាក់នៅផ្ទះជួលក្នុងភូមិបានគូ សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅខេត្តកំពត។ ចំណែកជនបើករថយន្តបង្ក ត្រូវបានគេស្គាល់ថា ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែកើតហេតុ ប្រាប់ឲ្យដឹងថា ឃើញបុរសរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿង គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវទំនប់៧មករា បានមកដល់ចំណុចកើតហេតុខាងលើនេះ ក៏ស្រាប់តែមារថយន្តបង្កម៉ាក ឡិចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ រដ្ឋ10 2-0288 បើកបរក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអណោចអាធ័មបំផុតនៅលើដងផ្លូវ។ រីឯរថយន្តបង្ក ដោយសារមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុកជាមួយនឹងរនាំងថ្មបាក់ធា្លក់ពីលើផ្លូវក្រឡាប់ផ្ងាជើងតែម្តង ប៉ុន្តែសំណាងល្អ អ្នកបើកថយន្តបង្កមិនគ្រោះថ្នាក់ដល់អាយុជីវិត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្ថបង្កបានភ្លាមៗ រួចក៏ប្រញាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ។

នគរបាលចរាចរណ៍ខណ្ឌដង្កោ បានសហការជាមួយការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយករថយន្តបង្ក រួមនឹងអ្នកបើកបរ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍រាធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ និងធ្វើកំណត់ហេតុ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-15_08-28-25photo_2016-08-15_08-28-27photo_2016-08-15_08-28-29photo_2016-08-15_08-28-33photo_2016-08-15_08-28-35photo_2016-08-15_08-28-37photo_2016-08-15_08-28-39photo_2016-08-15_08-28-42photo_2016-08-15_08-28-44photo_2016-08-15_08-28-47

មតិយោបល់