ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) លោកផ្កាយ២ និងលោកស័ក្តិ៥ យោធានៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអគ្គបញ្ជាការ ស៊ីយ៉ាងត្រជាក់ល្ហឹម…

ខ្សឹប: មន្ត្រីយោធាជាច្រើននាក់នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃអគ្គនាយកដ្ឋានកងយោធពលខេមរភូមិន្ទជាច្រើននាក់បានខ្សឹបមកប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ សុទ្ធ សារឿន ដែលមានតួនាទីជានាយរងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន និងលោកវរសេនីយ៍ឯក រឿន សេរី នាយលេខាធិការដ្ឋានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការដ្ឋាន បានដកយកថវិកាអង្គភាពទៅចាយវាយខុសប្រក្រតីអស់រាប់ម៉ឺនដុល្លារ។

ក្រុមមន្ត្រីយោធាខាងលើ បានខ្សឹបមកប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា  ដោយសារតែលោកផ្កាយ២ និងលោកស័ក្តិ៥ ប្រព្រឹត្តិអំពើពុករលួយលុយកាក់អង្គភាពរាប់ម៉ឺនដុល្លារនោះ បានធ្វើឲ្យនាយទាហាន នាយទាហានរងក្នុងអង្គភាពរបស់ខ្លួន ប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ផងដែរ។

ប្រភពដដែលបានខ្សឹបទៀតថា លោកផ្កាយ២ សុទ្ធ សារឿន និងលោកស័ក្ដិ៥ រឿន សេរី បានដកថវិការបស់អង្គភាពយកទៅប្រើប្រាស់មិនប្រក្រតីខុសពីគោលការណ៍របស់អង្គភាព ដែលមានចំនួន៤ម៉ឺនដុល្លារអាមេរិកជាថវិកាសម្រាប់កសាងបណ្ណាល័យរបស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន។

ក្រុមមន្ត្រីយោធាដដែលនោះនៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា លោកផ្កាយ២ សុទ្ធ សារឿន និងលោកស័ក្ដិ៥ រឿន សេរី បានឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលួយយូរហើយ មិនមែនទើបតែថវិកា៤ម៉ឺនដុល្លារនេះទេ។ ប្រភពបានខ្សឹបបន្តទៀតថា ក្រៅពីអំពើពុករលួយ លោកផ្កាយ២ និងលោកស័ក្ដិ៥ នៅបានប្រើប្រាស់អំណាចតួនាទី ធ្វើការគំរាមកំហែង កៀបសង្កត់ទៅលើនាយទាហាន នាយទាហានរង នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋានឲ្យភ័យខ្លាចគ្រប់ៗគ្នា។

ក្រុមមន្ត្រីយោធាទាំងនោះក៏បានសុំឲ្យនាយក្តាមប្រៃយើងជួយខ្សឹបបន្តឲ្យបានឮដល់នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីឲ្យលោកមានវិធានការទៅលើលោកទាំងពីរខាងលើនេះទៅតាមវិន័យយោធា ហើយបើនៅតែបណ្ដែតបណ្ដោយតទៅទៀតវានាំឲ្យប៉ះពាល់ដល់ស្ថាប័នយោធា៕

photo_2016-08-17_11-07-14

មតិយោបល់