តួកគី: ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍មកថា យន្តហោះដឹកអ្នកដំណើរ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចុះចតជាបន្ទាន់នៅឯព្រលាន យន្តហោះអន្តរជាតិ Ataturk នៅក្នុងក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីភ្លើងបានឆាបឆេះម៉ាស៊ីនយន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៨ សីហា ឆ្នាំ២០១៦នេះ។
ទីភ្នាក់ងារព័ត៌មានឯកជន Dogan បានឱ្យដឹងថា ម៉ាស៊ីនខាងឆ្វេងរបស់យន្ដហោះប្រភេទ Airbus 330 កំពុងត្រូវភ្លើងឆាបឆេះ បន្ទាប់ពីហោះឡើងពីព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុល។
បើតាមទីភ្នាក់ងាររដ្ឋ Anadolu បាននិយាយថា យន្តហោះនេះមានកំហុសបច្ចេកទេសជាមួយនឹងម៉ូទ័រម៉ាស៊ីនរបស់ខ្លួន។ របាយការណ៍នេះបានឱ្យដឹងថា យន្ដហោះនេះបានបន្តហោះហើររបស់ខ្លួន ទៅកាន់ទីក្រុង Doha រដ្ឋធានី Qatar៕

មតិយោបល់