ខ្សឹបៈ ក្រុមមន្ត្រីប្រចាំនៅច្រកអន្តរជាតិចាំយាមខេត្តកោះកុងពិសេសប្រជាពលរដ្ឋនៅតំបន់នោះបានខ្សឹបមកប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា លោក ជា នី ដែលមានតួនាទីជាប្រធានស្នាក់ការកាំកុងត្រូលច្រកអន្តរជាតិចាំយាមកោះកុង ពូកែស៊ីក្រោមតុ ដោយបានឃុបឃិតជាមួយពួកឈ្មួញធំៗ អនុញ្ញាតឲ្យនាំទំនិញគ្មានគុណភាពច្រើនប្រភេទ ជាពិសេសគ្រឿងឧបភោគ បរិភោគ ហួសកាលបរិច្ឆេទ មានលាយសារធាតុគីមី ក្នុងមួយថ្ងៃៗរាប់សិបតោន ជាថ្នូរនិងលុយក្រោមតុរាប់សិបម៉ឺនបាត (លុយថៃ)ក្នុងមួយជើងៗ។
ក្រុមមន្ត្រីដែលមិនមែនមន្ត្រីកាំកុងត្រូល បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា មន្ត្រីជំនាញកាំកុងត្រូលនៅច្រកចាំយាមនេះ បានបើកទ្វារច្រកព្រំដែនចំហដោយសេរី ដោយអនុញ្ញាតឲ្យមានទំនិញគ្មានគុណភាពនាំចូលជាថ្នូរនឹងលុយកាក់ក្រោមតុ ចាប់ពីមន្ត្រីតូចតាចរហូតដល់ប្រធានស្នាក់ការ គឺលោក ជា នី តែម្តង ដោយគ្មានគិតពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋឡើយ។
ប្រភពដដែលបានខ្សឹបប្រាប់ឲ្យនាយក្តាមប្រៃយើងដឹងទៀតថា ប្រធានកាំកុងត្រូលប្រចាំច្រកចាំយាមលោក ជា នី បានចាត់ទុកឈ្មួញធំៗជាប្រភពចំណូលហោប៉ៅដ៏ធំមិនចេះរីងស្ងួត ហើយគាត់តែងតែបិទភ្នែកឲ្យឈ្មួញទាំងនោះនាំទំនិញគ្មានគុណភាព និងមានជាតិគីមីពីថៃរាប់សិបតោនចូលមករាល់ៗថ្ងៃតែម្តង។
ប្រភពដដែលបានខ្សឹបទៀតថា នៅច្រកអន្តរជាតិចាំយាមនេះ គេមិនដែលឃើញសមត្ថកិច្ចកាំកុងត្រូលបង្ក្រាបបទល្មើសនៃការនាំទំនិញគ្មានគុណភាព មានលាយសារធាតុគីមីនោះម្តងណាឡើយ ហើយបើមន្ត្រីកាំកុងត្រូលនោះចាប់ វាហាក់បីដូចជាមន្ត្រីកាំកុងត្រូលនេះ ល្ងង់ពេក ទៅចាប់បង្ក្រាបអីបើទំនិញគ្មានគុណភាពទាំងនោះ វាជាឆ្នាំងបាយជាប្រភពចំណូលដ៏សំខាន់របស់ពួកគេទៅហើយ។
ប្រភពខាងលើនៅបានខ្សឹបបន្តឲ្យនាយក្តាមប្រៃដឹងទៀតថា ប្រធានកាំកុងត្រូលច្រកអន្តរជាតិចាំយាមកោះកុង លោក ជា នី បានទទួលលាភសក្ការៈពីឈ្មួញទាំងនោះ បង់តាមចំនួនរថយន្ត តាមថ្ងៃ និងបង់ខែ ក្នុងមួយខែៗបានរាប់លានបាត(លុយថៃ) ទៀតផង។ កាលពីពេលថ្មីៗនេះ ឈ្មួញបានដឹកសាច់មាន់ និងគ្រឿងក្នុងមាន់តាមរទេះពីទឹកដីថៃចូលទឹកដីខ្មែរ ហាក់មានចំនួនកើនឡើងនេះ ដោយសារតែមន្ត្រីកាំកុងត្រូលជាអ្នកបើកដៃ ដើម្បីទទួលលាបសក្ការៈ។ ទោះបីជាស្ថាប័នកាំកុងត្រូលកំពុងបើកយុទ្ធនាការអំពាវនាវ ណែនាំឲ្យប្រជាពលរដ្ឋ កុំបរិភោគចំណីអាហារ ដែលគ្មានគុណភាពយ៉ាងណាក្តី ក៏លោក ជា នីប្រធានកាំកុងត្រូលច្រកចាំយាមមិនខ្វល់ សំខាន់គឺពួកគាត់ខំប្រមូលលុយក្រោមតុចូលហោប៉ៅប្រសើរជាងទប់ស្កាត់៕
មតិយោបល់