អ៊ុយក្រែន: ស្ថានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃជាមួយរុស្ស៊ី ដែលបានចោទខ្លួនថា បានបង្កចលនាអំពើភេរវកម្ម លោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បានប្រកាសត្រៀមខ្លួនប្រើច្បាប់អាជ្ញាសឹកនិងជារលកថ្មីនៃការកៀងគរយោធា ប្រសិនបើជម្លោះជាមួយពួកបំបែកខ្លួនគាំទ្ររុស្ស៊ី កាន់តែអាក្រក់ឡើងមែននោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦។
លោក Petro បានធ្វើឱ្យមានភាពតានតឹងដោយសារតែមតិយោបល់របស់លោកជាមួយប្រទេសរុស្ស៊ីនៅលើតំបន់គ្រីមា ដែលអាចបង្កការភ័យខ្លាចថា កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយដែលមានភាពផុយស្រួយនៅរដ្ឋធានី Minsk កាលពីខែកុម្ភៈ ឆ្នាំ២០១៥ អាចដួលរលំ បន្ទាប់ពីការប្រយុទ្ធគ្នាស្លាប់ច្រើនបំផុតក្នុងរយៈពេលមួយឆ្នាំ។
លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងនៅភាគខាងកើតនិងនៅឧបទ្វីបគ្រីមា យើងនឹងត្រូវបង្ខំចិត្តដើម្បីប្រើច្បាប់អាជ្ញាសឹកនិងប្រកាសប្រមូលផ្តុំកម្លាំងបន្ថែមទៀត»។
លោក Poroshenko មិនបានបញ្ជាក់ច្បាស់ពីអ្វីដែលជាសេចក្តីណែនាំនៃច្បាប់អាជ្ញាសឹកថាតើគាត់បាននិយាយអំពីច្បាប់អាជ្ញាសឹកក្នុងប្រទេសទាំងមូល ឬនៅក្នុងផ្នែកមួយចំនួន។ ច្បាប់អ៊ុយក្រែនបានចែងថា ច្បាប់អាជ្ញាសឹកត្រូវបានឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាមុនសិន នោះទើប ប្រធានាធិបតីមានសិទ្ធិអនុវត្ត។ ហើយវាអាចរួមបញ្ចូលទាំងការរឹតបន្តឹងចលនាប្រជាជន ហាមឃាត់គណបក្សនយោបាយនិងស្ថាប័នមួយចំនួននិងការជួបជុំជាសាធារណៈផងដែរ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៤ ថ្នាក់ដឹកនាំនិយមលោកខាងលិចរបស់អ៊ុយក្រែន បានប្រកាសរលកជាច្រើននៃការចល័តទ័ព ដែលបានអំពាវនាវពលរដ្ឋអ៊ុយក្រែន ដើម្បីចូលរួមជាមួយពួកយោធានៅក្នុងការប្រយុទ្ធរបស់ខ្លួន នៅក្នុងតំបន់ Donbass ភាគខាងកើត។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ យោធាអ៊ុយក្រែនបានរាយការណ៍ថា មន្ត្រីយោធាទាំងបីនាក់ ត្រូវបានសម្លាប់និងរងរបួស ៦នាក់ផ្សេងទៀតនៅក្នុងការប្រយុទ្ធគ្នាក្នុងរយៈពេល ២៤ម៉ោង៕
មតិយោបល់