ភ្នំពេញ: លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាល់ការតាំងបង្ហាញរូបភាពទាំងអស់ ត្រូវតែធ្វើឡើងនៅទីតាំងរមណីយដ្ឋានវត្តភ្នំ ដើម្បីបញ្ចៀសភាពអនាធិបតេយ្យ។
លោកថ្លែងបែបនេះ ក្នុងឱកាសទទួលជួបលោក ណាវីន ស្រ៊ីវាស្តាវ៉ា (Naveen Srivastava) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការងាររៀបចំពិរណ៍រូបថតឥណ្ឌា និងទិវាយូ ហ្កាអន្តរជាតិ លើកទី២នៅភ្នំពេញ ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែមិថុនាខាងមុខ។
លោកអភិបាល បានកំណត់ឲ្យមានការរៀបចំពិរណ៍រូបថតឥណ្ឌា ក៏ដូចជាអ្នកមានបំណងផ្សេងទៀតនៅទីតាំងរមណីយដ្ឋានវត្តភ្នំ។ ចំណែកការធ្វើលំហាត់យូហ្កា ត្រូវធ្វើឡើងនៅលើសួនច្បារមាត់ទន្លេមុខវត្តឧណ្ណាលោម។
លោកបញ្ជាក់ថា ចាប់ពីពេលនេះទៅរមណីយដ្ឋានវត្តភ្នំ គឺជាកន្លែងរៀបចំពិរណ៍រូបថត ដោយសាលារាជធានី បញ្ឈប់មិនឲ្យមានការដាក់តាំងបង្ហាញនូវរូបថត ឬការគូរគំនូរ ក្នុងរាជធានីភ្នំពេញទៀតហើយ។ លោកប៉ា សុជាតិវង្ស មានប្រសាសន៍ថា «យើងចង់ឲ្យពិព័រណ៍រូបថតទាំងអស់ ត្រូវធ្វើឡើងនៅវត្តភ្នំពេញ ហើយយើងក៏បញ្ឈប់ រាល់ការគូររូបភាពទាំងអស់នៅក្នុងភ្នំពេញ»។
លោកឯកអគ្គរដ្ឋទូត បានឯកភាពតាមការចង្អុលបង្ហាញរបស់លោកអភិបាលរាជធានី និងរីករាយ ទទួលយកកិច្ចសហការរាល់ការងារពាក់ព័ន្ធនឹងការរៀបចំពិរណ៍រូបថតឥណ្ឌា និងទិវាយូហ្កាអន្តរជាតិលើកទី២នៅភ្នំពេញ។
លោកណាវីន មានប្រសាសន៍ថា ការរៀបចំពិរណ៍រូបថតឥណ្ឌានៅភ្នំពេញ គឺដើម្បីបង្ហាញប្រជាជនកម្ពុជា និងទេសចរបរទេសនៅភ្នំពេញ ពីចំណងមិត្តភាពរវាងប្រទេសឥណ្ឌា និងកម្ពុជា ដោយក្នុងព្រឹត្តិការណ៍រូបថតនោះ មានដាក់តាំងទាំងរូបថតទាក់ទងវប្បធម៌ឥណ្ឌា និងរូបថតទាក់ទងវប្បធម៌កម្ពុជា។
លោកថ្លែងថា រមណីយដ្ឋានវត្តភ្នំ គឺជាតំបន់ទេសចរណ៍មួយយ៉ាងសំខាន់ ដែលបណ្តុំទៅដោយទេសចរជាតិ និងអន្តរជាតិ។ ដូច្នេះការកំណត់ទីតាំងដាក់បង្ហាញរូបថត ឬរូបភាព នៅតំបន់នោះ នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងលំហាត់យូហ្កា លោក ឯកអគ្គរដ្ឋទូត បញ្ជាក់ថា នៅលើសួនច្បារមាត់ទន្លេមុខវត្តឧណ្ណាលោម នឹងអាចទាក់ទាញការចូលរួមយ៉ាងច្រើនពីសាធារណជនជាតិ និងអន្តរជាតិ ដោយសារទីនោះជាកន្លែងហាត់ប្រាណ និងលំហែរមួយ
ដែលមានទាំងជនជាតិខ្មែរ និងបរទេស។
ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានស្នើទៅសាលារាជធានីភ្នំពេញ ដោយសុំដាក់បង្ហាញរូបថតចំនួន២ផ្ទាំងធំៗ ដែលមានបណ្តោយ១៥ម៉ែត្រ កម្ពស់២ម៉ែត្រ។ ផ្ទាំងនីមួយៗមានរូបថតចំនួន១២០សន្លឹក៕
មតិយោបល់