ភ្នំពេញៈ តារាចម្រៀងសំឡេងស្អកបទ «សូរិយាអស្ដង្គត» លោក ទិត្យ វិច្ឆិការ បានសម្ដែងក្ដីសោកស្ដាយ និងទទូចយ៉ាងខ្លាំងឲ្យសមត្ថកិច្ចខេត្តកណ្ដាល ធ្វើការដោះស្រាយតាមផ្លូវច្បាប់ លើករណីជនបង្កហិង្សាវាយបងប្រុសរបស់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗនេះ។ លោកបានលើកឡើងថា រឿងគ្រោះថ្នាក់ចរាចរណ៍ ត្រូវដោះស្រាយតាមច្បាប់ចរាចរណ៍ ប៉ុន្តែរឿងជនបង្កយកដុំថ្ម ដំបង វាយលើបងប្រុសរបស់ខ្លួននោះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែដោះស្រាយតាមច្បាប់ជាដាច់ខាត និងឲ្យមានតម្លាភាព។
ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី២៦ ខែសីហានេះ លោក ទិត្យ វិច្ឆិការ ឲ្យដឹងថា កាលពីចុងសប្ដាហ៍មុន បងប្រុសរបស់លោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយម៉ូតូរបស់អ្នកភូមិជិះគ្នាពីរនាក់ បានបើកមកបុករថយន្តរបស់បងប្រុសខ្លួន ហើយភាគីអ្នកបើកបរម៉ូតូក៏ត្រូវទទួលរងរបួស រួចក៏បញ្ជូនទៅសម្រាកព្យាបាល។ លោកបន្តថា អ្វីដែលគួរសោកស្ដាយនោះ គឺបងប្រុសរបស់លោក ត្រូវប្រជាពលរដ្ឋប្រើអំពើហិង្សាដោយប្រើដុំថ្ម និងដំបងវាយលើរថយន្ត និងបងប្រុសរបស់ខ្លួន បណ្ដាលឲ្យបែកមុខបែកមាត់ហូរឈាមស្រោចជោកខ្លួន រងរបួសធ្ងន់។
ទោះជាយ៉ាងណា លោក ទិត្យ វិច្ឆិការ បញ្ជាក់ថា រឿងគ្រោះថ្នាក់ចរាចរណ៍នោះ បានដោះស្រាយចប់សព្វគ្រប់ហើយ ដោយភាគីម៉ូតូទទួលស្គាល់កំហុសដែលបើកបរខ្វះការប្រុងប្រយ័ត្ន និងស្នើលោកមិនឲ្យប្ដឹងទៀត ព្រោះពួកគាត់ជាពលរដ្ឋក្រីក្រ ហើយបងប្រុសរបស់លោកក៏បានជួយថ្លៃព្យាបាលទៅភាគីម៉ូតូចំនួន៤៥០ដុល្លារអាមេរិក ដើម្បីបញ្ចប់សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ តាមសំណើសមត្ថកិច្ចផងដែរ។ ដោយឡែក រឿងជនបង្កហិង្សាវិញ បងប្រុសរបស់លោកបានដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថស្រុកខ្សាច់កណ្ដាល ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ យកមកសាកសួរបឋមបានមួយថ្ងៃ ក៏ដោះលែងជនបង្កនោះទៅវិញ លោកស្នើឲ្យសមត្ថកិច្ចធ្វើការដោះស្រាយឲ្យបានឆាប់ ដើម្បីស្វែងរកយុត្តិធម៌ដល់គ្រួសារលោក។
លោកបានទទូចថា “រឿងគ្រោះថ្នាក់ចរាចរណ៍ត្រូវដោះស្រាយតាមចរាចរណ៍ តែរឿងវាយបងប្រុសខ្ញុំត្រូវដោះស្រាយតាមច្បាប់។ ខ្ញុំមិនសុខចិត្តទេ បើបងប្រុសខ្ញុំបើករថយន្តគេចមិនថាទេ ប៉ុន្តែគាត់គ្រាន់តែរយ៉ែរថយន្តថយក្រោយ ក៏ត្រូវគេយកដំបង ដុំថ្មគប់លើរថយន្ត ហើយវាយបំបែកកញ្ចក់ទាញបងប្រុសខ្ញុំមកក្រៅវាយគាត់។ រឿងនឹងត្រូវដោះស្រាយតាមច្បាប់ អត់បានទេ រឿងគ្រោះថ្នាក់ដោះស្រាយតាមចរាចរណ៍ហើយ តែរឿងវាយបងប្រុសខ្ញុំ សមត្ថកិច្ចត្រូវរកយុត្តិធម៌ឲ្យពួកខ្ញុំ កុំឲ្យចេះតែមានគ្រោះថ្នាក់នាំគ្នាព្រួតគ្នាវាយធ្វើបាបគេ មិនដឹងថាខាងណាត្រូវ ឬខុសនោះ”។
ជុំវិញការដោះលែងជនបង្កហិង្សាខាងលើ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ អេង ហ៊ី ប្រាប់ Post News ឲ្យដឹងផងដែរថា ការដោះលែងជនបង្កឈ្មោះ សុខ សុផាន់ណាត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ពាក់ព័ន្ធករណីវាយបងប្រុសលោក ទិត្យ វិច្ឆិការ គឺសមត្ថកិច្ចអាវុធហត្ថធ្វើទៅតាមនីតិវិធី ទាំងការហៅជនបង្កមកសាកសួរបឋម និងការដោះលែង ពោល គឺមានបញ្ជាពីអយ្យការអមសាលាដំបូងខេត្តកណ្ដាលទាំងអស់។ លោកបញ្ជាក់ថា បច្ចុប្បន្នសំណុំរឿងនេះ បានបញ្ជូនដល់ដៃតំណាងអយ្យការ ហើយកំពុងស្ថិតក្នុងការស៊ើបអង្កេត។
គួរជម្រាបថា កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ប្រជាពលរដ្ឋប្រមាណជិត២០០នាក់ បានលើកគ្នាទៅតវ៉ានៅមុខទីបញ្ជាការកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាល ដោយចោទប្រកាន់លោក ថេង មករា មេបញ្ជាការកងរាជអាវុធហត្ថស្រុកថា បានប្រើអំណាចចាប់មនុស្សដោយមិនមានដីកា ចាប់ខ្លួនទាំងដែលគ្នាមិនបានប្រព្រឹត្តខុសអ្វីសោះ ទើបបណ្ដាលឲ្យពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំង មកលើមន្ត្រីអាវុធហត្ថដែលចាប់មនុស្សស្លូតត្រង់។
ប្រជាពលរដ្ឋដែលលើកគ្នាទៅតវ៉ាបានលើកឡើងថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បងប្រុសលោក ទិត្យ វិច្ឆិការ តារាចម្រៀង បានបើករថយន្តបុកអ្នកភូមិនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយសាម៉ីខ្លួនបានបើករថយន្តរត់គេចជាច្រើនម៉ែត្រ។ ខណៈនោះដែរ ពលរដ្ឋជាច្រើននាក់តាមស្ទាក់ ក៏មានកំហឹងបានវាយម្នាក់មួយដៃបណ្ដាលឲ្យរងរបួសបែកមុខបែកមាត់។
ប្រជាពលរដ្ឋលើកឡើងទៀតថា លុះដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែសីហា ស្រាប់តែប៉េអឹមស្រុកហៅឈ្មោះ សុខ សុផាន់ណាត ចេញពីផ្ទះ ហើយចាប់ដាក់រថយន្តយកមកស្នាក់ការតែម្ដង ដោយមិនមានការស៊ើបសួរអ្វីទាំងអស់ ទើបធ្វើឲ្យពលរដ្ឋមានកំហឹងយ៉ាងខ្លាំង តវ៉ាឲ្យដោះលែងវិញ។
យ៉ាងណាក៏ដោយ លោក ទិត្យ វិច្ឆិការ ក៏បានស្នើដល់ប្រជាពលរដ្ឋមេត្តាបញ្ឈប់ នូវការប្រើអំពើហិង្សរាល់ពេលមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើទោះជាជននោះជាអ្នកបង្ក ឬក៏ជនរងគ្រោះក៏ដោយ។ លោកថា គ្រោះថ្នាក់ចរាចរណ៍ត្រូវទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ មិនត្រូវនាំគ្នាព្រួតវាយគេបណ្ដាលឲ្យរងរបួសដូចករណីបងប្រុសរបស់លោកនោះទេ នេះជាគំរូមួយមិនល្អ ហើយលោកស្នើឲ្យអ្វីៗធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់