ភ្នំពេញ: យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានឲ្យដឹងថា ទិវាពលកម្មរអន្ដរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ធិសដល់ចលនាកម្មករអន្ដរជាតិ ដែលបានកើតឡើងនៅក្នុងប្រទេសមួយចំនួនកាលពី១០៣ឆ្នាំមុន ក្នុងការទាមទារឲ្យមានការកែលម្អលក្ខខណ្ឌការងារ និងជីវភាពរបស់ប្រជាពលករ ហើយព្រឹត្ដិការណ៍នេះ បានក្លាយជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដអន្ដរជាតិ ជារៀងរហូតមក។
សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានលើកឡើងទៀតថា នៅក្នុងវិស័យការងារ ការអនុវត្ដលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កាន់តែមានភាពប្រសើរឡើង តាមរយៈប្រសិទ្ធភាពនៃប្រព័ន្ធអធិការកិច្ចការងារ ដែលបានបង្កភាពងាយស្រួល និងទទួលបានការពេញចិត្ដពេញថ្លើមពីសំណាក់កម្មករ-នយោជិត និងនយោជក នៅតាមសហគ្រាស និងគ្រឹះស្ថានានា ជាពិសេសរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ជួយសំរួលបញ្ចុះថ្លៃអគ្គិសនី ប្រាក់លើកទឹកចិត្ត តំឡើងប្រាក់បៀវត្សកម្មករកម្មការនី និងការរស់នៅសមរម្យ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ និងសារលិខិត ដើម្បីលើកទឹកចិត្ដគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាស រៀបចំកម្មវិធីសំណោះសំណាលជាមួយកម្មករ-នយោជិត កម្មវិធីកម្សាន្ដសប្បាយ ពិធីជប់លៀង ដំណើរកម្សាន្ដ និងការសម្រាកលំហែកាយផងដែរ។
សូមបញ្ជាក់ថា យោងតាមលទ្ធផលនៃការចុះបញ្ជីសហគ្រាស និងគ្រឹះស្ថានស្របតាមបទប្បញ្ញាត្ដិនៃច្បាប់ស្ដីពី ការងារសរុបចំនួន៨ពាន់១៩៧គ្រឹះស្ថាន ហើយមានកម្មករ-នយោជិតចំនួនជាង១លាននាក់។
ដោយឡែកវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង មានរោងចក្រចំនួន១ពាន់៨៨រោងចក្រ និងមានកម្មករ-នយោជិតប្រមាណ៧១ម៉ឺននាក់ ដោយទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណជាង១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕
មតិយោបល់