រតនគិរីៈ យោងតាមសេចក្តីសម្រេច ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយប្ដូរតំណែងលោកវរសេនីយ៍ឯក ឡុង រុក្ខា អត្តលេខ០៧១៣៧ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវទៅជានាយការិយាល័យនីតិកម្មនៃនាយកដ្ឋានរដ្ឋបាលសរុប ប្តូរលោកវរសេនីយ៍ទោ អ៊ី ចំរើន អត្តលេខ៥៨៥៩១ពីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងឲ្យទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវនៃនាយកដ្ឋានច្រកទ្វារទី២។
ការផ្ទេរតំណែងខាងលើនេះ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់សូមមិនបញ្ចេញឈ្មោះប្រចាំការនៅច្រកទ្វារអន្តរជាតិលួចបង្ហើបឲ្យដឹងថា កន្លងមកការដឹកនាំក្នុងភាពបក្ខពួកនិយម ដោយកន្លែងណាបានលុយ គាត់ប្រើមនុស្សជំនិតរបស់គាត់។
មន្ត្រីដដែលខាងលើបន្តឲ្យដឹងទៀតថា មនុស្សជំនិតរបស់លោក ឡុងរុក្ខា គឺឈ្មោះ សន និង ស៊ិចទ័រ គ្រប់គ្រងដែនសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវមានប្រមាណ៥គីឡូម៉ែត្របួនជ្រុង។
មន្ត្រីដដែលបន្ថែមទៀតថា ខាងណាមានចំណូល គឺប្រើឈ្មោះ សនដែលជាជំនិតផ្ទាល់របស់លោក ដើរប្រមូលលុយដាក់ចូលហោប៉ៅតែបើចំណុចខាងណាគ្មានចំណូលវិញ ប្រើកម្លាំងដើរល្បាត។
ដោយឡែកប្រភពផ្សេងទៀតបានប្រាប់ឲ្យដឹងថា ការផ្តាស់ប្តូរតំណែងលោកវរសេនីយ៍ឯក ឡុង រុក្ខា នេះដែរ មានមន្ត្រីនគរបាលអន្តោប្រវេសន៍ជាច្រើននាក់ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវនាំគ្នាត្រៀមរៀបចំពិធីជប់លៀង ហាក់សម្តែងការមិនពេញចិត្តនឹងការដឹកនាំរបស់គាត់នាពេលកន្លងមក។
ទាក់ទិននឹងករណីខាងលើនេះ post News មិនអាចសុំការបំភ្លឺពីលោក ឡុងរុក្ខា បានទេ នៅព្រឹកថ្ងៃទី៤ កញ្ញានេះ។
គួររំលឹកថា ជនជាតិវៀតណាមទាំង៥នាក់ ដែលសមត្ថកិច្ចដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានឃាត់ខ្លួននាពេលកន្លងទៅថ្មីៗនេះ ក៏មានការអនុញ្ញាតពីលោក ឡុង រុក្ខា ឲ្យមកស្នាក់នៅ និងជីករ៉ែមាសនេះផងដែរ៕
មតិយោបល់