ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ និងរថយន្តផ្សេងទៀត ត្រូវអាជ្ញាធរចាត់វិធានការ

ភ្នំពេញៈ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ និងរថយន្តផ្សេងទៀត ដែលផ្ទុកលើសចំណុះ ឬសំពីងសំពោង ដឹកដី ខ្សាច់ ថ្ម ឬ វត្ថុផ្សេងៗជ្រុះរាយប៉ាយ បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធអាទិភាព និងបញ្ហាផ្សេងៗទៀត ត្រូវបានអាជ្ញាធរចាត់វិធានការ។

ជាក់ស្ដែងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោក ឌិត ទីណា រដ្ឋលេខាធិការ និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិរបស់ក្រសួងមហាផ្ទៃបានចុះប្រតិបត្តិការល្បាតចល័តត្រួតពិនិត្យរថយន្តដឹកដី ថ្ម ខ្សាច់ ដែលខុសបច្ចេកទេស មិនគ្របឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល ដែលធ្វើឲ្យជ្រុះរាយប៉ាយលើដងផ្លូវ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ឬរថយន្តមិនមានខណៈបច្ចេកទេសគ្រប់គ្រាន់ សំបកកង់សឹករិចរិល សំពីង សំពោង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈច្ចេកទេស និងប្រកបអាជីវកម្ម ព្រមទាំងមិនមានបណ្ណបើកបរជាដើម។

ក្នុងប្រតិបត្តិការនេះ នគរបាលចរាចរណ៍ រួមជាមួយក្រសួងរ៉ែ និងថាមពល បានឃាត់រថយន្តដឹក ថ្ម ខ្សាច់ ចំនួន៧គ្រឿង ដើម្បីធ្វើការអប់រំណែនាំ កែតម្រូវ និងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៥៦ មាត្រា៥៧ និងមាត្រា៦៦ ជាមួយគ្នានោះដែរ ក្រសួងរ៉ែ និងថាមបានសម្រេចផ្អាកសកម្មភាពទីតាំងរណ្តៅដីចំនួនពីរកន្លែង នៅស្រុកកណ្តាលស្ទឹង និងស្រុកពញាឮ ខេត្តកណ្តាល។

អាជ្ញាធរបាននិយាយថា ក្នុងនាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សូមអំពាវនាវដល់បងប្អូនអាជីវករ ដឹកដី ថ្ម ខ្សាច់ គ្រួស សូមចូលរួមគោរពច្បាប់ស្តីចរាចរណ៍ផ្លូវគោក និងអនុវត្តតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល៕

photo_2016-08-18_17-53-15photo_2016-08-18_17-53-17photo_2016-08-18_17-53-19photo_2016-08-18_17-53-21photo_2016-08-18_17-53-23photo_2016-08-18_17-53-24

មតិយោបល់