ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉េអឹមឃាត់ខ្លួនមុខសញ្ញាកាប់ប្លន់២នាក់ ពេលបើកម៉ូតូតាមធ្វើសកម្មភាព លើអ្នកដំណើរ

ភ្នំពេញ: មុខសញ្ញាកាប់ប្លន់២នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនភា្លមៗ ខណ:ដែលពួកគេជិះម៉ូតូ ប្រដេញកាប់ពីក្រោយម៉ូតូយុវជនមានគ្នា២នាក់ផ្សេងទៀត កាលពីម៉ោងជាង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២២៨ កែងនឹងផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

អាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ កម្លាំងបានដកហូតវត្ថុតាងដាវសាំម៉ូរ៉ៃចំនួន១ និងម៉ូតូហុងដាឌ្រីមសេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-3165 ១គ្រឿង។

មន្រ្តីអាវុធហត្ថខាងលើបន្តថា នៅមុនពេលកើតហេតុកម្លាំងបានជិះល្បាតនៅក្នុងមូលដ្ឋានខណ:កំពុងជិះល្បាត ស្រាប់តែប្រទះឃើញ ជនសង្ស័យមួយក្រុម មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ៥គ្រឿង ដែលកំពុងជិះដេញតាមយុវជន២នាក់ផ្សេងទៀត ដែលកំពុងជិះ ម៉ូតូ ហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៦ យ៉ាងលឿន ដោយក្នុងដៃ មានកាន់ដាវសាំម៉ូរ៉ៃមួយថែមទៀតផងនោះ ឃើញដូច្នេះដោយមានការសង្ស័យកម្លាំងបានធ្វើការដេញតាម និងទំនាក់ទំនងទៅកម្លាំងផ្សេងទៀតជួយស្ទាក់ និងដេញចាប់ក្រុមក្មេងទាំងនោះបានចំនួន ២នាក់ភ្លាមៗផងដែរយកមកសួរនាំ។

សមត្ថកិច្ច បន្ថែមថា ក្រោយពីសួរនាំជនសង្ស័យទាំង២នាក់ ទើបដឹងថា ជាមុខសញ្ញាកាប់ប្លន់ពេលយប់ ទើបយកទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅទីបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសួរនាំ និងតាមចាប់បក្សពួកដែលសេសសល់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

photo_2016-04-25_10-03-17 photo_2016-04-25_10-03-14 photo_2016-04-25_10-03-15 photo_2016-04-25_10-03-13 photo_2016-04-25_10-03-16

មតិយោបល់