ប៊ូរុនឌី: បើតាមក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន ២៧នាក់បានស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស ក្នុងឧប្បត្តិហេតុរថយន្តបុក ដែលបានកើតទ្បើងកាលពីយប់ថ្ងៃអាទិត្យ នៅក្នុងខេត្ត Rutana ចម្ងាយ ២០០ គីទ្បូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង Bujumbura ប្រទេសប៊ូរុនឌី។ នេះបើយោងតាមរយៈសារពត័មានចិនស៊ិនហ៊ួរ ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦។
បើតាមលោក Bede Nyandwi អភិបាលខេត្ត Rutana បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតទ្បើងនៅពេលអ្នកបើកបររថយន្តម្នាក់ បានបើកដឹកអ្នកដំណើររាប់រយនាក់ ដើម្បីមកធ្វើការទាមទារមួយនៅក្នុងទីក្រុង Gitega បន្ទាប់ធ្វើការទាមទាររួច ពួកគេក៏បានចេញដំណើរត្រលប់មកតំបន់សហគមន៍កាតូលិក Kiguhu វិញ ប៉ុន្តែជាអកុសលដោយសារប្រព័ន្ធហ្វ្រាំងរបស់រថយន្តមានបញ្ហា ជាហេតុធ្វើឲ្យអ្នកបើកបរមិនអាចគ្រប់គ្រងការបញ្ជារបស់គាត់បាន ទើបបណ្ដាលឲ្យរថយន្តបើកទៅបុកជាមួយនឹងដើមឈើមួយ រួចក៏ក្រឡាប់តែម្ដង។
ក្រោយពេលកើតហេតុ មនុស្សចំនួន ១៤នាក់បានស្លាប់ភ្លាម់ៗនៅនឹងកន្លែង និង១៣នាក់ទៀតបានស្លាប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Gitega ព្រមទាំងមានអ្នករងរបួសជាច្រើននាក់ទៀត នេះបើតាមការឲ្យដឹងពីលោកអភិបាលខេត្ត៕
មតិយោបល់