ភ្នំពេញៈ កញ្ញា អឿន យីណាយ កូនស្រីបង្កើតរបស់លោក អឿ អឿន បានប្រាប់ Post News ឲ្យដឹងថា ការចាប់ខ្លួនឪពុករបស់នាងបញ្ជូនមកតុលាការនេះ គឺជារឿងអយុត្តិធម៌ចំពោះក្រុមគ្រួសារនាង និងឪពុកនាងជាខ្លាំង។ កញ្ញាបន្តថា ឪពុកនាងមិនបានឆបោកលុយគេ ដូចការចុះផ្សាយរបស់ស្ថាប័នសារព័ត៌មានមួយចំនួននោះទេ ហើយដើមចមនៃរឿងនេះ កើតចេញពីកិច្ចសន្យាធ្វើជំនួញជាមួយគ្នាតែប៉ុណ្ណោះ។
ប្រភពបានបញ្ជាក់ថា ឪពុកនាងឈ្មោះ អឿ អឿន បានរកស៊ីជាមួយស្ត្រីជាជនជាតិចិនម្នាក់ ឈ្មោះ សាវ ជិនហ្វិន ដោយមានឈ្មោះ ហុក ជាវ៉ិន ហៅ ឡុង ជាអ្នកចូលហ៊ុនជាមួយឪពុកនាង ដើម្បីរកស៊ីជាមួយជនជាតិចិនរូបនោះ ហើយឈ្មោះ ហុក ជាវ៉ិន ហៅឡុង ក៏ជាអ្នកបកប្រែភាសាចិន ក្នុងពេលជួបពិភាក្សាគ្នា និងធ្វើកិច្ចសន្យាផងដែរ។
កញ្ញា អឿន យីណាយ បានប្រាប់ថា ឈ្មោះ សាវ ជិនហ្វិន បានរកស៊ីជាមួយឪពុកនាង តាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ ក្រោយមកដោយសារតែទុកចិត្តគ្នា ក៏ចេះតែរកស៊ីជាមួយគ្នារហូតមក។ លុះដល់ថ្ងៃមួយ ឈ្មោះ សាវ ជិនហ្វិន ត្រូវការទំនិញទៅប្រទេសចិន ដោយមកសុំឲ្យឪពុកនាងរត់ការរកទំនិញឲ្យ។ ដើម្បីរក្សាទំនុកចិត្តគ្នា ឪពុកនាងបានចេញសែកមួយសន្លឹកសរុបទឹកប្រាក់៨០ម៉ឺនដុល្លារ ដែលក្នុងនោះ ឪពុកនាងជាម្ចាស់លុយ៤០ម៉ឺនដុល្លារ និងឈ្មោះ ហុក ជាវ៉ិន ហៅឡុង ជាម្ចាស់លុយ៤០ម៉ឺនដុល្លារ ប៉ុន្តែឈ្មោះ សាវ ជិនហ្វិន ឲ្យឪពុកនាងចុះហត្ថលេខាតែម្នាក់ឯងបានហើយ មិនបាច់ចេញសែកដាច់ដោយឡែកពីគ្នាទេ។ នាងបញ្ជាក់ថា សែកនោះ គឺគ្រាន់ជាប្រាក់តម្កល់សម្រាប់ទំនុកចិត្តប៉ុណ្ណោះ ពុំមែនជាការជំពាក់ប្រាក់អ្វីឡើយ ហើយប្រាក់ ៦ ២៥០ ០០០ដុល្លារវិញនោះ ក៏ពុំមែនជាកិច្ចសន្យាជំពាក់ប្រាក់អ្វីឡើយ គឺគ្រាន់ជាកិច្ចសន្យាបញ្ចេញទំនិញតែប៉ុណ្ណោះ។
ក្នុងកំឡុងពេលប្រមាណជិតមួយខែ ដល់ថ្ងៃបើកសែកនោះ ឪពុកនាងបានព្យាយាមទំនាក់ទំនងឈ្មោះ ហុក ជាវ៉ិន ហៅ ឡុង និងឈ្មោះ សាវ ជិនហ្វិន មកដោះស្រាយបញ្ជីដើម្បីទូទាត់គ្នា ប៉ុន្តែពួកគេមិនបានមកដោះស្រាយទេ តែបែរជាយកសែកនោះ ទៅឲ្យធនាគារបញ្ជាក់ថា ជាសែកគ្មានសាច់ប្រាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលកាលបរិច្ឆេទចុះអាចឲ្យបើកប្រាក់បាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ ហើយក្រោយការបញ្ជាក់របស់ធនាគារភ្លាម ដើមបណ្ដឹង ក៏សម្រេចធ្វើពាក្យបណ្ដឹង ដើម្បីប្ដឹងចាប់ខ្លួនឪពុកនាង ពីបទឆបោកប្រាក់តែម្ដង។
កញ្ញា អឿន យីណាយ អះអាងផងដែរថា ខណៈសំណុំរឿងសែកគ្មានប្រាក់នេះ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការ លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឪពុកនាងឲ្យចូលខ្លួនបំភ្លឺ ចំនួន៣លើក ដែលលើកទី១ នៅថ្ងៃទី៩ ខែសីហា និងលើកទី២ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែដោយសារឪពុករបស់នាងមានជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី និងដោយបានការឯកភាពពីលោក ខាំ សុផារី សុំធ្វើការពន្យាបន្ត ដែលត្រូវចូលបំភ្លឺលើកទី៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនោះ ស្រាប់តែមានពាក្យបណ្ដឹងដូចគ្នាមួយទៀត ប្ដឹងចូលក្រសួងមហាផ្ទៃ ហើយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ក៏ចុះទៅចាប់ខ្លួនឪពុកនាង នៅខណៈដែលគាត់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី តែម្តង ដោយគ្មានទាំងការបង្ហាញដីកា ហើយក៏គ្មានព្រះរាជអាជ្ញាអ្វីឡើយ បើទោះជាមេធាវីឪពុកនាងសុំមើលក៏សមត្ថកិច្ចមិនបង្ហាញដែរ។
ទោះជាយ៉ាងណា កញ្ញា អឿន យីណាយ បានទទូចសុំឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលខ្លួនទៅទូទាត់បញ្ជីរកស៊ីនៅមុខតុលាការទាំងអស់គ្នា ហើយថា បើភាគីណាមួយកុហកផ្ទុយពីការពិត គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ នាងក៏បញ្ជាក់ដែរថា គ្រួសារនាងនៅតែរក្សាជំហរសម្របសម្រួលគ្នាដដែល ដោយមិនមានការគេចវេសនោះទេ។
ពាក់ព័ន្ធករណីនេះដែរ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់តាមបណ្ដាញសង្គម Telegram យ៉ាងខ្លីថា សំណុំរឿងនេះ កំពុងស្ថិតក្នុងការពិនិត្យឯកសារ និងធ្វើការសាកសួរ។
ចំណែកភាគីដើមបណ្ដឹងវិញ Post News នៅថ្ងៃទី១៤ ខែកញ្ញានេះ មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយណាមួយបានឡើយ ថាតើដំណើររឿងយ៉ាងណានោះ។
គួរជម្រាបថា នៅវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការបញ្ជូនខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អឿ អឿន មុខរបរលក់គ្រឿងបន្លាស់រថយន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណជិត៧លានដុល្លារ។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បង្ហើបឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ យកទៅសួរនាំ ពាក់ព័ន្ធទៅនឹងបណ្ដឹងឆបោកប្រាក់គេ មានចំនួនរហូតដល់ទៅ៦លានដុល្លារ និងករណីចេញសែកគ្មានសាច់ប្រាក់ចំនួន៨០ម៉ឺនដុល្លារ ថែមទៀត៕
មតិយោបល់