ភ្នំពេញៈ នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ នៅទីតាំងជួបគ្រោះអគ្គីភ័យផ្ទះលេខ១៧E0 ផ្លូវ៣៨៥ ក្រុមទី៣ ភូមិ៣ សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុនដឿន ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋសរុបចំនួន២១គ្រួសារ ដែលទទួលរងគ្រោះអគ្គីភ័យកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលបានបំផ្លាញផ្ទះចំនួន៣ល្វែងនិង១៨បន្ទប់ ។
នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ជាក់ស្តែងដូចជាពេលនេះពោលគឺការជួយរបស់កាកបាទក្រហមកម្ពុជាមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
លោកបានបន្ត ដោយបង្ហាញការសោកស្តាយចំពោះ បញ្ហាគ្រោះអគ្គីភ័យនេះ ដែលបានបំផ្លាញ ឯកសារនានា លុយកាក់ ទ្រព្យសម្បត្តិផ្សេងៗ រួមទាំងទីជំរកផងដែរ ហើយលោកក៏សូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះ ដូចពាក្យចាស់ថា ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ ។
អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ ស្ករ ប៊ីសចេង ទឹកដោះគោខាប់ ប៉ាតង់១ សារ៉ុង ម៉ុង១ ទឹកត្រី១យួរ ក្រម៉ា ខោរអាវ និង ថវិកាចំនួន១០ម៉ឺនរៀល។ ជាចុងក្រោយលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបញ្ជាក់រាល់ឯកសារមួយចំនួនដែលឆេះធ្វើពីគល់បញ្ជីដើម និង ការសុំបំពេញបែបបទសាងសង់លំនៅដ្ឋានដោយគ្រោះអគ្គីភ័យ ឡើងវិញដោយមិនបង់ថវិកាឡើយ ព្រមទាំងសម្របសម្រួលជាមួយអ្នកទទួលផលប៉ះពាល់លើកនេះដែរ៕
មតិយោបល់