ព័ត៌មានជាតិ

ក្រុមចោរវ័យក្មេង! ចេញលួចដំបូង ត្រូវ​សមត្ថកិច្ចក្របួចជាប់​បាន​២នាក់

បន្ទាយមានជ័យៈ កាលពី​​វេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចចំណតរថយន្តចាស់ ស្ថិតក្នុងភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច និងឃាត់ខ្លួនជនសង្ស័យបានចំនួន​២នាក់​។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងពាក្យបណ្តឹងពីឈ្មោះ យិត គឹមហួរ ភេទ ប្រុស អាយុ ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១-ឈ្មោះ បាញ់ ហួរ(ហៅ យួន) ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី២​ឈ្មោះ តាប់ រី (ហៅ កុយ) ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានបន្ថែមថា ៖ នៅថ្ងៃកើតហេតុ ខ្លួនកំពុងអង្គុយលេងលើគ្រែមុខផ្ទះ ហើយបានដើរចូលទៅក្នុងផ្ទះ ដោយភ្លេចទូរស័ព្ទដៃនៅលើគ្រែ ពេលនឹកឃើញភ្លេចទូរស័ព្ទក៏ត្រឡប់មកយកវិញ ស្រាប់តែឃើញក្មេងចំនួន៣នាក់ បានឆក់យកទូរស័ព្ទពីលើគ្រែហើយរត់គេចចេញបាត់ទៅ ពេលនោះខ្លួនបានស្រែកឆោរឡោរឲ្យអ្នកជិតខាងជួយ ក៏ឃាត់ក្មេងបានចំនួនម្នាក់​ និងបាននាំយកទៅប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យខាងលើបានសារភាពថា ៖ ខ្លួនពិតជាបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន រួមជាមួយបក្ខពួករបស់ខ្លួន ចំនួន​២នាក់ទៀត ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តល្មើស រហូតឃាត់ខ្លួនជនសង្ស័យ បានម្នាក់បន្ថែមទៀត ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានភាពស៊ីសង្វាក់គ្នា ដែលអាចកំណត់ពីពិរុទ្ធបានយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (លួច) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់